(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារព្រំដែនរួមទទួលទិសភូមិភាគទី៣ ភូមិភាគទី៤ និងភូមិភាគទី៥ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការងារការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមបណ្តាព្រំដែន នៅនាយកដ្ឋានកណ្តាលនគរបាលព្រំដែន ដោយមានការចូលរួមពីឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនករបាលជាតិ ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក និងមន្រ្តីពាកព័ន្ធជាច្រើនរូបទៀត។

ក្នុងកាសនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ បានផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជូនចំពោះនាយនគរបាល នាយនគរបាលរង និងមន្តី្រនគរបាលជាតិទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច ដោយស្មារតីទទួលខុសត្រូវការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិបានយ៉ាងរឹងមាំ។ នាយឧត្តមសេនីយ៍ បានកោតសរសើរ និងអរគុណ តាមរយៈប្រធានដ្ឋានកណ្តាលនគរបាលព្រំដែន តាមរយៈប្រធាននាយកដ្ឋានជំនាញទាំងបី ជូនដល់បងប្អូនកងកម្លាំងនគរបាលការពារព្រំដែន ដែលបានខិតខំកសាងជំរុំជម្រកបានល្អ ខិតខំធ្វើការដាំដុះបង្កបង្កើនផល ខិតខំរក្សាសុខភាព ខិតខំការពារខ្សែបន្ទាត់ព្រំដែន និងកាត់បន្ថយបទល្មើសឆ្លងដែនឲ្យនៅកម្រិតទាប។

នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា ទោះបីកម្ពុជា បាននិងកំពុងប្រឈមការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ និងមេរោគបំប្លែងខ្លួនថ្មីក៏ដោយ ពិសេសការធ្វើដំណើរចេញ-ចូលឆ្លងដែន កងកម្លាំងនគរបាលការពារព្រំដែនបានដាក់កម្លាំងឈរជើងគ្រប់គោលដៅតាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយមនសិការវិជ្ជាជីវៈស្នេហាជាតិ ដោយដៃម្ខាងចូលរួមក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ផង និងដៃម្ខាងទៀតការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិយ៉ាងរឹងមាំ។

កម្លាំងយើងបានខិតខំយកចិត្តទុកដាក់ពង្រឹងកិច្ចសហការជាមួយកងយោធពលខេមរភូមិន្ទ លើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចរក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅតំបន់ព្រំដែន រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងតំបន់ព្រំដែន ជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ បង្គោល ខណ្ឌសីមាត្រូវបានគ្រប់គ្រងថែរក្សាយ៉ាងគត់មត់ បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទត្រូវបានបង្ការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា ដែលស្ថានភាពបែបនេះបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋទាំងសងខាងក្នុងការចេញ-ចូលឆ្លងកាត់ព្រំដែនផ្លាស់ប្តូរទំនិញ សួរសុខទុក្ខសាច់ញាតិ ឬទៅព្យាបាលជម្ងឺ។

ពិសេសភាពជោគជ័យធំៗដែលលេចធ្លោគឺ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សន្និសិទអាស៊ានណាប៉ូលលើកទី៤០ កិច្ចប្រជុំពាក់ព័ន្ធការរៀបចំមហា សន្និបាតសភាអាស៊ីលើកទី៤៣ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំអាស៊ានចំនួន០៨វេទិកា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានដំណើរការទៅដោយរលូនប្រកបដោយសុវត្ថិភាព។ សមិទ្ធផលដ៏ធំធេងនេះគឺ ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើឲ្យកងកម្លាំងនគរបាលការពារព្រំដែន កាន់តែត្រូវបានលើកកម្ពស់ស្មារតី និងឆន្ទៈយ៉ាងមោះមុត រក្សាបានសាមគ្គីភាព និងម្ចាស់ការអនុវត្តតួនាទីភារកិច្ចដោយហ៊ានលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ទទួលបានជោគជ័យ។

នាយឧត្តមសេនីយ៍ ខេង សុមេធ ក្នុងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ សូមផ្ដល់អនុសាសន៍មួយចំនួនចំពោះនាយកដ្ឋានជំនាញដូចខាងក្រោម៖

* នាយកដា្ឋនកណ្តាលនគរបាលព្រំដែន ត្រូវធ្វើជាសេនាធិការក្នុងការសិក្សារៀបចំគោលការណ៍ផែនការ​យុទ្ធសាស្ត្រផែនការសកម្មភាពលើការងារការពារបូរណភាព​ទឹកដី អធិបតេយ្យជាតិ រក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅតាមបណ្ដោយព្រំដែនគោក ទឹក និងការងារបច្ចេកទេសព្រំដែនដែលមានភារកិច្ច៖

-​ គ្រប់គ្រងដឹកនាំ ណែនាំការងារការពារព្រំដែនគោក ព្រំដែនទឹក និងការងារបច្ចេកទេសព្រំដែន ដឹកនាំការងារថែរក្សាការពារបង្គោលព្រំដែន បង្គោលខណ្ឌសីមាព្រំដែន និងបរិស្ថានព្រំដែន ដឹកនាំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្ដោយព្រំដែន ដឹកនាំការងារបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ការរត់ពន្ធឆ្លងដែន អំពើភេរវកម្ម និងចោរសមុទ្រ។

* នាយកដា្ឋននគរបាលការពារព្រំដែនគោក ត្រូវធ្វើជាជាសេនាធិការក្នុងការសិក្សារៀបចំគោលការណ៍ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពការងារការពារព្រំដែនគោក ដែលមានភារកិច្ច៖

- កសាងផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពលើការងារគ្រប់គ្រងដឹកនាំការងារថែរក្សាការពារ ខណ្ឌសីមាព្រំដែន ការពារសន្តិសុខសណ្តាប់ធ្នាប់ តាមបណ្ដោយព្រំដែនគោកស្របតាមច្បាប់ជាតិ អន្តរជាតិ។ ក្ដាប់សភាពការណ៍ ប្រមូលព័ត៌មានដើម្បីមានវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧបាយកលសកម្មភាពរំលោភបំពានលើអធិបតេយ្យ បូរណភាពទឹកដីព្រំដែនគោកនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវក្ដាប់សភាពការណ៍ និងចាត់វិធានការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែន និងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមបណ្ដោយព្រំដែនគោក បំផុសចលនាប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយការពារជាតិ ច្បាប់ បទដ្ឋាន បទប្បញ្ញត្តិ ផ្សេងៗអំពីព្រំដែន សំដៅកសាងតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ កសាងផែនការយាមល្បាតការពារព្រំដែន ផែនការការពារទីបញ្ជាការវរសេនាតូច ប៉ុស្តិ៍នគរបាល ការពារព្រំដែនគោក និងកសាងប្រព័ន្ធយុទ្ធសាស្ត្រការពារតាមលក្ខណៈបច្ចេកទេស។

* នាយកដា្ឋននគរបាលការពារព្រំដែនទឹក ត្រូវធ្វើជាសេនាធិការក្នុងការសិក្សារៀបចំគោលការណ៍ ផែនការយុទ្ធ សាស្ត្រ ផែនការសកម្មភាពការងារការពារព្រំដែនទឹក ដែលមានភារកិច្ច៖

- កសាងផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពការងារគ្រប់គ្រង ដឹកនាំការងារថែរក្សាការពារ ខណ្ឌសីមាព្រំដែនទឹក បរិស្ថានដែនសមុទ្រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្ដោយព្រំដែនទឹក ស្របតាមច្បាប់ជាតិ អន្តរជាតិ។ ក្ដាប់សភាពការណ៍ ប្រមូលព័ត៌មាន ដើម្បីមានវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបរាល់ឧបាយកលសកម្មភាពរំលោភបំពានលើអធិបតេយ្យបូរណភាពព្រំដែនទឹក និងព្រំដែនសមុទ្រ។ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវ ក្ដាប់សភាពការណ៍ ចាត់វិធានការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនតាមផ្លូវសមុទ្រ និងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមបណ្ដោយព្រំដែនទឹក។ ត្រូវបំផុសចលនាប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយការពារជាតិ ច្បាប់ បទប្បញ្ញត្តិផ្សេងៗ អំពីព្រំដែន សំដៅកសាងតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ កសាងផែនការយាមល្បាតការពារព្រំដែន ផែនការការពារទីបញ្ជាការវរសេនាតូច ប៉ុស្តិ៍នគរបាលារពារព្រំដែនទឹក និងកសាងប្រព័ន្ធយុទ្ធសាស្ត្រការពារតាមលក្ខណៈបច្ចេកទេស។ត្រូវចុះផ្សព្វផ្សាយអប់រំសតិអារម្មណ៍ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីលើកកម្ពស់ឆន្ទៈប្រយុទ្ធ ធ្វើបច្ចុប្បន្នភាពក្នុងការគ្រប់គ្រងខ្សែបន្ទាត់ព្រំដែន ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន។

* នាយកដា្ឋននគរបាលបច្ចេកទេសព្រំដែន ត្រូវធ្វើជាសេនាធិការក្នុងការសិក្សារៀបចំគោលការណ៍ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពការងារបច្ចេកទេសព្រំដែន ដែលមានភារកិច្ច៖

- ដឹកនាំការងារកសាងផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងដាក់ចេញគោលការណ៍យុទ្ធសាស្ត្រដឹកនាំការងារបច្ចេកទេសព្រំដែន រួមចំណែកធានាការពារបូរណភាពទឹកដីអធិបតេយ្យជាតិ។ ត្រូវប្រមូលចងក្រងឯកសារព័ត៌មានទាំងឡាយ និងលិខិតតុប្បករណ៍ជាតិ អន្តរជាតិ ដែលពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែន សញ្ញាសម្គាល់កំណត់ខណ្ឌសីមាព្រំដែនគោក និងព្រំដែនទឹក ដើម្បីក្តាប់បានអំពីខ្សែបន្ទាត់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជា។ តាមដានត្រួតពិនិត្យស្ថានភាពប្រែប្រួល ពាក់ព័ន្ធដល់បង្គោលព្រំដែន បង្គោលខណ្ឌសីមា ព្រំដែន សញ្ញាសម្គាល់ព្រំដែន និងផ្ដើមយោបល់អំពីយុទ្ធសាស្ត្រថែរក្សាការពារឱ្យបានគង់វង្ស តាមទីតាំងដែលបានកំណត់ ព្រមទាំងមានវិធានការដោះស្រាយពេលមានស្ថានភាពមិនប្រក្រតី។ ត្រូវសិក្សាភូមិសាស្ត្រព្រំដែនជាក់ស្ដែងតាមតំបន់នីមួយៗ និងផ្ដើមស្នើកំណត់យុទ្ធសាស្ត្រការពារព្រំដែន ទីតាំងវរសេនាតូច ប្រព័ន្ធត្រួតពិនិត្យ និងប៉ុស្តិ៍នគរបាលការពារព្រំដែន។ ធ្វើបច្ចុប្បន្នភាពសំណង់ទីបញ្ជាការវរសេនាតូច ប៉ុស្តិ៍នគរបាលការពារព្រំដែន លេណដ្ឋាន និងដំឡើងផែនទីគ្រប់មាត្រដ្ឋានតាមវរសេនាតូចនិងប៉ុស្តិ៍។

* ស្នងការដា្ឋននគរបាលខេត្តជាប់ព្រំដែន ធ្វើជាសេនាធិការចាត់តាំងកងកម្លាំងចូលរួមអនុវត្តកិច្ចប្រតិបត្តិការ ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ បូរណភាពទឹកដី អធិបតេយ្យជាតិ ត្រឹមត្រូវតាមសន្ធិសញ្ញា អនុសញ្ញា អនុស្សារណៈ កិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលជាមួយប្រទេសជិតខាងតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា និងការកំណត់របស់ក្រសួងមហាផ្ទៃ។ ត្រូវចុះក្តាប់អំពីសភាពការណ៍ភូមិសាស្ត្រ អាកាសធាតុ ស្ថានភាពរបស់ប្រជាពលរដ្ឋ ការប្រែប្រួលអំពី បាតុភូតធម្មជាតិ និងបាតុភូតនានាដែលកើតមានឡើងនៅតាមតំបន់ព្រំដែន។ ត្រូវស្រាវជ្រាវប្រមូលព័ត៌មាន ក្ដាប់សភាពការណ៍ និងតស៊ូប្រឆាំងនូវរាល់ឧបាយកលល្បិចកលសកម្មភាពពួកអមិត្ត ដែលប៉ុនប៉ងលបលួចជ្រៀតចូលរំលោភបំពានមកលើព្រំដែនខណ្ឌសីមា។ ត្រូវចាត់វិធានការបង្ការទប់ស្កាត់ បង្ក្រាបរាល់បទល្មើសឆ្លងដែនក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួនដូចជា៖ ការជួញដូរគ្រឿងញៀន បទល្មើសធនធានធម្មជាតិ ការជួញដូរមនុស្ស ការជួញដូរអាវុធជាតិផ្ទុះ អន្តោប្រវេស៍ខុសច្បាប់ ទំនិញគេចពន្ធ ឬទំនិញហាមឃាត់។ល។

ជាចុងក្រោយ នាយឧត្តមសេនីយ៍ ខេង សុមេធ បានក្រើនរំលឹកដល់ ប្រធាននាយកដ្ឋាន និងលោកស្នងការនគរបាលខេត្តជាប់ព្រំដែន ក្នុងករណីចាំបាច់ពេលមានសភាពការណ៍មិនប្រក្រតីកើតឡើងនៅតាមតំបន់ព្រំដែន ត្រូវរាយការណ៍សុំគោលការណ៍ដឹកនាំពីលោកផ្ទាល់ បើមិនមានអ្វីចាំបាច់នោះទេ ត្រូវធ្វើការងារតាមឋានុក្រមដែលក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រគល់ជូន៕