(កណ្ដាល)៖ លោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្កាលស្ទឹង នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចុះផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតលើកទី៤៤ ឆ្ពោះទៅកាន់ការបោះឆ្នោតសកល ថ្ងៃទី២៣ ខែកក្កដា នៅស្រុកកណ្ដាលស្ទឹង។

លោកបានឱ្យដឹងថា មហាសន្និបាតក៏បានគូសរំលេចថា ចាប់ពីឆ្នាំ២០១៨មក តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ បានធ្វើឱ្យគណបក្សប្រជាជនបន្តដឹកនាំប្រទេស ដែលធ្វើឱ្យសង្គមជាតិបានរីកចម្រើនឆាប់រហ័សជាមួយ នឹងការធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម រឹងមាំ ទោះបីត្រូវប្រឈម នឹងបញ្ហាដូចជា ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ការវិវត្តយ៉ាងស្មុគស្មាញនៃសភាពការណ៍តំបន់ និងពិភពលោកការប្រឆាំងរបស់ក្រុមជ្រុលនិយម។ល។

យ៉ាងណាក្តី នៅក្នុងនីតិកាលទី៦នៃរដ្ឋសភានេះ ទាំងស្ថាប័ននីតិបញ្ញត្តិ និងទាំងស្ថាប័ននីតិប្រតិបត្តិបានសាមគ្គីគ្នាពុះពារគ្រប់ឧបសគ្គ ខិតខំធ្វើការងារមិនសំចៃកម្លាំង ហើយបាននាំមកនូវជោគជ័យ និងសមិទ្ធផលធំធេងលើគ្រប់វិស័យជូនជាតិ និងប្រជាជន ក្នុងនោះលេចធ្លោគឺ ការរក្សាបានសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៅគ្រប់កន្លែង ការរក្សាបានស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាពសង្គមរឹងមាំ ការគ្រប់គ្រងជំងឺកូវីដ-១៩បានល្អប្រសើរ ការរក្សាបានកំណើនសេដ្ឋកិច្ច នឹងជីវភាពរបស់ប្រជាជន ការកែទម្រង់រដ្ឋគ្រប់វិស័យទទួលបានលទ្ធផលជាផ្លែផ្កា ការទទួលបានជោគជ័យលើការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការលើកកម្ពស់កិត្តិសព្ទរបស់កម្ពុជាកម្រិតខ្ពស់នៅលើឆាកតំបន់ និងអន្តរជាតិ តាមរយៈជោគជ័យនៃការអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ និងជោគជ័យនៃការដឹកនាំ និងបំពេញភារកិច្ច ជាប្រធានអាស៊ានឆ្នាំ២០២២ ក៏ដូចជាមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាដើម។

ជាមួយគ្នានេះ គណបក្សប្រជាជនបានបញ្ជាក់ថា ឆ្នាំ២០២៣ គឺជាឆ្នាំដែលត្រូវបញ្ចប់អាណត្តិរដ្ឋសភា និងរាជរដ្ឋាភិបាលឆ្នាំ២០១៨-២០២៣ និងក៏ជាឆ្នាំដែលត្រូវចាប់ផ្ដើមនីតិកាលថ្មីរយៈពេល៥ឆ្នាំបន្តទៀត។ ដូចនេះ គណបក្សពិតជាមានកិច្ចការច្រើនណាស់ ដែលត្រូវធ្វើនាពេលចំពោះមុខ ហើយក្នុងនោះ ក៏ត្រូវរួមគ្នាធ្វើរាល់កិច្ចការឱ្យបានល្អបំផុត ដើម្បីឈានទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣នាពេលខាងមុខ៕