(ភ្នំពេញ)៖ ភ្នាក់ងារទូរទស្សន៍ KBS របស់ប្រទេសកូរ៉េខាងត្បូង និងបុគ្គលដែលមានឥទ្ធិពលក្នុងបណ្ដាញសង្គម (Influencer, Blogger) មកពីប្រទេសនេះសរុប៥នាក់ បាននិងកំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍ពិសេសៗរបស់កម្ពុជាទៅកាន់ប្រជាជនកូរ៉េ និងពិភពលោក។

គួរជម្រាបថា ទូរទស្សន៍ KBS របស់ប្រទេសកូរ៉េនេះ គឺមានបណ្ដាញផ្សព្វផ្សាយទៅកាន់ពិភពលោកយ៉ាងធំទូលាយ ខណៈ Influencer , Blogger ដទៃទៀត គឺមានទាំង Tik Tok, Instagram, Facebook និង YouTube ដែលមានអ្នកទស្សនាដល់ទៅរាប់លានដង។

លោក ពា ភាព អនុប្រធាននាយកដ្ឋានក្រសួងទេសចរណ៍ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះធ្វើឡើងរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១-៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនោះនៅរាជធានីភ្នំពេញ (រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ សារមន្ទីរជាតិ ផ្សារថ្មី និងឃុំកំពង់ហ្លួង) នៅខេត្តកែប (ផ្សារក្ដាម និងឆ្នេរកែប) នៅខេត្តកំពត (ចម្ការម្រេច La Plentatoin ឧទ្យានជាតិភ្នំបូកគោ វិហារកាតូលិក វត្តសំពៅប្រាំ វាលស្រែ១០០ ទឹកធ្លាក់ពពកវិល បឹងឋានសួគ៌បូកគោជាដើម) នៅខេត្តព្រះសីហនុ (ស្ពានកោះពស់ ក្រុងព្រះសីហនុ កោះរ៉ុង Royal Sand Resort) និងនៅខេត្តសៀមរាប (ប្រាសាទអង្គរវត្ត ផ្សាររាត្រី Pub Street និងបឹងទន្លេសាប)។

លោកអនុប្រធាននាយកដ្ឋានក្រសួងទេសចរណ៍បានបន្តថា ទស្សនកិច្ចនេះរៀបចំឡើងដោយមានកិច្ចសហការរវាងក្រសួងទេសចរណ៍ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងអាជ្ញាធរខេត្ត។

មន្ត្រីជំនាញរូបនេះបានបញ្ជាក់ថា «គោលដៅនៃការរៀបចំទស្សនកិច្ចនេះដែរ គឺដើម្បីទាក់ទាញភ្ញៀវទេសចរនៅប្រទេសកូរ៉េមកកាន់កម្ពុជាឱ្យបានច្រើនឡើងថែមទៀត តាមរយៈ Influencer, Blogger និងបណ្ដាញទូរទស្សន៍កូរ៉េទាំងនេះ ដែលសុទ្ធតែមានអ្នកទស្សនាដល់ទៅរាប់លាននាក់ទូទាំងពិភពលោក»

* ភ្នាក់ងារទូរទស្សន៍ KBS របស់ប្រទេសកូរ៉េខាងត្បូង តំណាងដោយលោក Kim Woojin និងអ្នកស្រី Kang Mihee។ លោកស្រី Kang ក៏មាន Instagram៖ http://instagram.com/nanuri8247 ផងដែរ។

* MAYO FOOD តំណាងដោយលោក Lim Jongho ដែលមានទាំង៖
Tik Tok៖ http://Tiktok.com/@mayofood
Instagram៖ http://Instagram.com/mayofoood
YouTube៖ http://Youtube.com/c/mayofood

* អ្នកស្រី Oh Yoojin គឺជា Blogger បានរួមដំណើរជាមួយកូនប្រុស Lee Yeonwoo៖
Blog៖ http://naver.blog.com/redfox0127
Instagram៖ http://Instagram.com/yoojinoh0127