(ភ្នំពេញ)៖ កម្ពុជាគ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាចំនួន ៥ទីតាំងនៅចិន ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលកម្ពុជា នៅលើទីផ្សារប្រទេសចិនបន្ថែមទៀត ខណៈបច្ចុប្បន្ននេះ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា មានមួយទីតាំងហើយ នៅប្រទេសជប៉ុន។

ថ្លែងនៅក្នុងពិធី សន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម គ្រោងនឹងសិក្សាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាចំនួន ០៥ទីតាំងទៀត នៅប្រទេសចិន គឺនៅទីក្រុងឆាងឈុន, ហាបីន, ណានជីង, ថាយយាន និងចឹងចូវ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលកម្ពុជា នៅលើទីផ្សារប្រទេសចិនបន្ថែមទៀត។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ដែលគ្រោងបើកដំណើរការនៅប្រទេសចិន នឹងកា្លយជាទីតាំងសម្រាប់បង្ហាញ និងដាក់លក់ផលិតផលកម្ពុជា ដែលនឹងជួយដល់ការពង្រីកទីផ្សារនាំចេញរបស់កម្ពុជា។ បន្ថែមពីនេះមជ្ឈមណ្ឌល ក៏នឹងក្លាយជាកន្លែងផ្លាស់ប្តូរ និងពិភាក្សាពីឱកាសវិនិយោគ និងសក្តានុពលនៃប្រទេសទាំងពីរ ដែលនឹងផ្តល់ប្រយោជន៍យ៉ាងច្រើន សម្រាប់សេដ្ឋកិច្ចកម្ពុជា និងធុរជនរបស់កម្ពុជា ដែលចង់ពង្រីកទីផ្សាររបស់ខ្លួន។

លោកពន្យល់បន្តថា «យើងដឹងស្រាប់ហើយ យើងមានផលិតផល តែយើងអត់មានស្តង់សម្រាប់តាំងបង្ហាញ ឬលក់ វាជាការខាតបង់មួយ។ តែបើមានមជ្ឈមណ្ឌលនេះ វាមិនខុសពីការដែលយើងមានកន្លែងតាំងពិព័រណ៍បង្ហាញពីផលិតផលរបស់យើង និងផលិតផលផ្សេងៗ ក៏ដូចជាការផ្លាស់ប្តូរគ្នាទៅវិញទៅមក រវាងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងប្រទេសដែលយើងកំពុងតាំងនៅ»។

លោកបន្តថា « ផលិតផលភាគច្រើន ដែលនឹងទទួផលប្រយោជន៍ ពីមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ គឺផលិតផលកសិកម្ម ដែលកម្ពុជាកំពុងខ្លះក្នុងទីផ្សារ។ ដូច្នេះប្រសិនបើយើងមានមជ្ឈមណ្ឌលនេះ គឺជាការបង្ហាញ និងទាក់ទាញឱ្យអ្នកមានទីផ្សារនៅបរទេស បញ្ជាទិញ ឬសិក្សាដើម្បីមកវិនិយោគនៅកម្ពុជា ក្នុងការវេចខ្ចប់ ឬកែច្នៃ ដើម្បីនាំចេញទៅប្រទេសរបស់គាត់ ដូច្នេះវាមិនមែនតែផលិតផលកសិកម្មមួយមុខទេ វាមានផលិតផលផ្សេងៗទៀត ដែលប្រទេសកម្ពុជាយើងមាន និងផលិតបាន ជាមួយគ្នានេះកញ្ចប់ទេសចរណ៍ដើមក៏អាចដាក់ផ្សព្វផ្សាយ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ មកកាន់កម្ពុជាផងដែរ»។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាចំនួន០៥ទីតាំងនៅប្រទេសចិន កំពុងស្ថិតក្នុងនីតិវិធីក្នុងការរៀបចំបែបបទសុំអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំង២។

លោកបន្តថា មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅក្រៅប្រទេស បង្កើតឡើងក្នុងគោលបំណងជំរុញការធ្វើពាណិជ្ជកម្ម និងផ្សព្វផ្សាយ ផលិតផល វប្បធម៌ ទេសចរណ៍ និងគោលនយោបាយពាណិជ្ជកម្ម របស់កម្ពុជាជាមួយប្រទេសដៃគូ។ ផលិតផលដែលអាចទទួលបានផលប្រយោជន៍ច្រើនពីមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននេះ គឺជាប្រភេទផលិតផលសក្តានុពលកម្ពុជាដែលត្រូវបានជំរុញនាំចេញក្នុងទីផ្សារអន្តរជាតិ ដូចជា កសិផលស្រស់ កសិផលកែច្នៃ សំបុកត្រចៀកកាំ និងវត្ថុអនុស្សាវរីយ៍ ជាដើម។

គួរជម្រាបថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាបានដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា សម្រាប់បម្រើឲ្យកិច្ចការពាណិជ្ជកិច្ចរវាងកម្ពុជា និងជប៉ុន ស្ថិតនៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន ដែលជាស្ពាន និងជាកន្លែងសម្រាប់ពាណិជ្ជករ វិនិយោគិនជប៉ុន និងសាធារណជនទូទៅមកទំនាក់ទំនងដោយផ្ទាល់ ពិនិត្យផលិតផលសក្តានុពលកម្ពុជា ដែលមានតាំងបង្ហាញសាកសួរព័ត៌មាន ច្បាប់បញ្ញត្តិ និងស្រាយចម្ងល់នានា ដើម្បីមានមូលដ្ឋានមុននឹងសម្រេចធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា-ជប៉ុន។

បើតាមលោក ប៉ែន សុវិជាតិ បន្ទាប់ពីបើកដំណើរនូវជម្ឈមណ្ឌលនេះនៅប្រទេសជប៉ុន ក្រសួងពាណិជ្ជកម្មបានបញ្ជូនផលិតផលកម្ពុជាជាច្រើនមុខទៅកាន់មជ្ឈមណ្ឌល ដើម្បីដាក់តាំងបង្ហាញ និងផ្សព្វផ្សាយ។ បច្ចុប្បន្ននេះ ទោះបីជាមិនទាន់មានសកម្មភាពជំរុញពាណិជ្ជកម្មតាមរយៈមជ្ឈមណ្ឌលនេះនៅឡើយ តែសង្ឃឹមថាសកម្មភាពនេះជាជំហានមួយបន្ថែមទៀត ដើម្បីជួយរកដៃគូពាណិជ្ជកម្ម និងពង្រីកទីផ្សារផលិតផលកម្ពុជា នៅប្រទេសជប៉ុននាពេលខាងមុខ៕