(កោះកុង)៖ លោកស្រី មិថុនា ភូថង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង បានថ្លែងទៅកាន់សមាជិកគណបក្សថា ការកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជា គឺធានាសន្តិភាព ស្ថិរភាព សន្តិសុខសម្រាប់កម្ពុជា ដែលជាកត្តាដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ខណៈនៅក្នុងតំបន់និងពិភពលោកនៅតែស្ថិតក្នុងស្ថានការណ៍វិបត្តិនយោបាយនិងសង្គ្រាម។

លោកស្រី មិថុនា ភូថង លើកឡើងនេះក្នុងកិច្ចប្រជុំរបស់គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្តិបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។ ការផ្សព្វផ្សាយនេះធ្វើឡើងក្រោមវត្តមានលោក កាយ សំរួម ប្រធានគណៈប្រចាំការអចិន្ត្រៃយ៍គណបក្សខេត្ត និងមានការចូលរួមពីសមាជិក-សមាជិកបក្សសរុបជិត៣០០នាក់។

លោកស្រី មិថុនា ភូថង បានលើកឡើងថា ចាប់ពីឆ្នាំ២០១៨មក គណបក្សប្រជាជនកម្ពុជាបានកាន់អំណាចទាំងស្រុងទាំង នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅក្នុងបរិបទនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ស្ថានភាពដ៏កម្របែបនេះបានផ្ដល់ឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសងាយស្រួល ដែលធ្វើឲ្យសង្គមជាតិបានរីកចម្រើនឆាប់រហ័ស ជាមួយនឹងការធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមរឹងមាំ ទោះបីត្រូវប្រឈមនឹងបញ្ហាដូចជាការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ការវិវត្តយ៉ាងស្មុគស្មាញនៃសភាពការណ៍តំបន់ និងពិភពលោក ការប្រឆាំងរបស់ក្រុមជ្រុលនិយមយ៉ាងណាក្តី។

លោកស្រីបានបន្តថា មន្ត្រីគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់បានសាមគ្គីគ្នាពុះពារគ្រប់ឧបសគ្គ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ប្រធានគណបក្សសម្រេចបានជោគជ័យ។

លោកស្រី មិថុនា ភូថង បានបន្តទៀតថា សមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យជូនជាតិ និងប្រជាជន ក្នុងនោះមានការលើកកម្ពស់កិត្តិសព្ទរបស់កម្ពុជា កម្រិតខ្ពស់លើឆាកតំបន់ និងឆាកអន្តរជាតិ តាមរយៈជោគជ័យនៃការដឹកនាំ និងបំពេញភារកិច្ចជាប្រធានអាស៊ាន ឆ្នាំ២០២២ ក៏ដូចជាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកស្រីបានបន្ថែមថា ក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសកន្លងទៅ ថ្នាក់ដឹកនាំគណបក្សខេត្តកោះកុងគណបក្សក្រុងស្រុកទាំង៧ និងគណៈកម្មការនានាសរុបចំនួន២១នាក់ ត្រូវបានចាត់ជាតំណាងដើម្បីទៅចូលរួមក្នុងមហាសន្និបាតនេះ ដើម្បីមន្ត្រីបក្សប្រជាជនកម្ពុជាជួបជុំគ្នា និងដើម្បីបានទទួលការផ្សព្វផ្សាយនៅខ្លឹមសារសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណៈបក្សប្រជាជនកម្ពុជា។

លោកស្រី មិថុនា ភូថង បានណែនាំថា សមាជិក-សមាជិកាទាំងអស់មេត្តាយកចិត្តទុកដាក់នៅខ្លឹមសារឯកសារដ៏មានសារៈសំខាន់ទាំងនេះ ដើម្បីបានជាចំណេះដឹង និងជាផែនការសម្រាប់យកទៅតម្រង់ទិសក្នុងការអនុវត្តនៅតាមបណ្ដាថ្នាក់ បណ្ដាផ្នែក និងមូលដ្ឋានរៀងៗខ្លួន សំដៅរួមគ្នាសម្រេចឱ្យបាននូវគោលដៅជាយុទ្ធសាស្ត្ររបស់គណបក្ស គឺរក្សានិងបង្កើនរបៀបឈ្នះនៅគ្រប់ការបោះឆ្នោតទាំងអស់នាពេលខាងមុខ។

លោកស្រីប្រធានបានផ្ដាំផ្ញើដល់សមាជិក-សមាជិកាធ្វើការផ្សព្វផ្សាយក្នុងឯកសារពាក់ព័ន្ធជំនួយស្មារតីអំពីការអនុវត្តផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាទី៧ ឆ្នាំ២០២៣ខាងមុននេះ និងផ្សព្វផ្សាយឯកសារគណបក្សប្រជាជនកម្ពុជាការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជន៕