(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិត អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន និងខណ្ឌបឹងកេងកង បានអញ្ចេីញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស​ និងបញ្ចូលសមាជិកបក្សថ្មីរបស់ខណ្ឌបឹងកេងកងដោយមានការអញ្ជេីញចូលរួមពីសំណាក់​ លោក​ លោកស្រី​ គណ:កម្មាធិការគណបក្សក្រសួង​ គណបក្សរាជធានីភ្នំពេញ​ គណបក្សខណ្ឌ​ សង្កាត់​ និងសមាជិក​ សមាជិកា​ សរុបប្រមាណ​ ២ ៣០០​ នាក់​ ដែលរៀបចំធ្វើឡើងនៅអគារពិព័រណ៍កោះពេជ្រ។

តំណាងសមាជិកគណបក្សដែលទេីបបានប្រកាសបញ្ចូលជាសមាជិកគណបក្សថ្មី​ បានឡើងប្តេជ្ញាចិត្ត ដោយសម្តែងនូវមនោសញ្ចេតនា រំភើបសប្បាយរីករាយ ដែលត្រូវបានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង ប្រកាសទទួលស្គាល់ ជាសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជា ដោយលើកបញ្ជាក់ថា ដោយពិនិត្យឃើញគុណបំណាច់ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះប្រទេសជាតិ និងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ការផ្សះផ្សារបង្រួបបង្រួមជាតិ ធ្វើឱ្យសង្គមជាតិទាំងមូលបានសុខសន្តិភាពទូទាំងប្រទេស។ ការដឹកនាំឆ្ពោះទៅរកការអភិវឌ្ឍ ដោយកាត់បន្ថយជាបណ្តើរៗនូវភាពក្រីក្ររបស់ប្រជាជនក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំនាវាកម្ពុជាប្រកបដោយសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ប្រជាជនរស់នៅដោយសេចក្តីសុខ និងថ្លៃថ្នូរ ពោលគឺធ្វើឱ្យកិត្យានុភាពជាតិ ល្បីរន្ទឺទាំងលើឆាកជាតិ និងអន្តរជាតិ។

បន្ទាប់មកលោក ទៀវ ម៉ាក់តែល សមាជិកគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន និងខណ្ឌបឹងកេងកង បានអានសេចក្តីសង្ខេបរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣ និងលោក ងុយ រិទ្ធ សមាជិកគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអានជំនួយស្មារតីសង្ខេបខ្លឹមសារសំខាន់ៗ នៃកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់កសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨​ ដែលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសបានដាក់ចេញកាលពីថ្ងៃទី២៨-២៩​ ខែមករា​ ឆ្នាំ២០២៣​ ជូនអង្គពិធីបានជ្រាប។

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតប្រធានក្រុមការងារ​ បានសម្តែងនូវការស្វាគមន៍ចំពោះសមាជិកគណបក្សថ្មីប្រមាណជិត​ ១ ៦០០នាក់ទៀត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​ ដែលបានសម្រេចចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា​ ដែលនេះជាការសម្រេចដ៏ត្រឹមត្រូវរបស់ក្មួយៗ​ ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានលះបង់គ្រប់យ៉ាងដេីម្បីបុព្វហេតុជាតិ​ និងប្រជាជន​ នៅគ្រប់កាលៈទេសៈដូចអ្វីៗដែលយេីងទាំងអស់គ្នាបានឃេី​ញ​ និងបានបញ្ជាក់ជូនក្នុងរបាយការណ៍លទ្ធផលរបស់គណបក្សប្រជាជនកម្ពុជារួចហេីយ។​

លោកបណ្ឌិត អ៉ិត សំហេង គូសបញ្ជាក់ថា​ ការរក្សាបានសមាជិកចាស់បូកបញ្ចូលការកសាងសមាជិកបក្សថ្មីបន្ថែម គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំមួយសម្រាប់គណបក្ស ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។

សមាជិកបក្សចាស់ថ្មី មានតួនាទីយ៉ាងសំខាន់ ក្នុងការខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈ របស់គណបក្ស សំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវីធីនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋនានា ដោយត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង ការជួយគ្នាទៅវិញទៅមក និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាពទាំងគុណធម៌ សីលធម៌ដើម្បីសម្រេចភារកិច្ចជូនសង្គមជាតិរបស់យើង។

ខណៈនោះដែរ លោកបណ្ឌិត អ៉ិត សំហេង ក៏បានមានប្រសាសន៍លើកឡើងពីខ្លឹមសារសំខាន់ៗ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សក្នុងស្មារតីសាមគ្គីភាព ឯកភាពខ្ពស់ផងដែរ។

បន្ថែមពីនេះ លោកបណ្ឌិត ក៏បានលើកឡើងអំពីប្រវត្តិនិងស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់ មានភាពចាស់ទុំ បានដាក់ចេញនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងមានគុណបំណាច់ បានកសាងសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតនាំឲ្យប្រទេសមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ៕