(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ លោក តាន់ បញ្ញាវុធ ត្រូវជាស្វាមី, លោកស្រី កូវ សុវណ្ណារិទ្ធ ព្រមទាំងបុត្រ ត្រូវជាកូន និងចៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ, លោក គ្រី ទូច និងលោកស្រី ទ្រី ង៉ូវណាំ ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ លោកស្រី ប៊ុន សាមលេន និងលោក គីម ទូច ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយៗ បានមូលមតិជាឯកច្ឆន្ទ និមន្តសម្តេចព្រះសង្ឃនាយករងទី១ សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ និងព្រះព្រះសង្ឃ ៩ព្រះអង្គ ធ្វើបទនមសិកាព្រះរតនត្រ័យ សមាទានសិល៍ ជូនកុសលដល់វិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ដែលបានលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

នៅក្នុងពិធីតាមបែបសាសនា ក្រោមកិច្ចដឹកនាំរបស់អ្នកឧកញ៉ាព្រះស្តេច ហេង គឹមគុណ ធម្មការព្រះបរមរាជវាំង បានធ្វើបទនមសិកាព្រះរតនត្រ័យ សមាទានសិល៍ ជូនកុសលដល់វិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ដែលបានធ្វើកម្មកិរិយាលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខ ដោយរោគាពាធ។

សម្តេចព្រះសង្ឃនាយករងទី១ សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ និងព្រះព្រះសង្ឃ៩ព្រះអង្គ បានសូត្រធម៌ព្រះសាមាសាមពុទ្ធព្រះបរមគ្រូ ដ៏ឧត្តុង្គឧត្តមវិសេសថ្លៃថ្លាបំផុត ដើម្បីជាកិច្ចឧទ្ទិសជូនកុសលដល់វិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ដែលបានធ្វើកម្មកិរិយាលាចាកលោកយើងនេះ ទើបតែបានរយៈពេល២ថ្ងៃ មកដល់ថ្ងៃទី ខែ៤កុម្ភៈនេះ សូមវិញ្ញាណក្ខន្ធសពលោកជំទាវ បានយោងយិតទៅចាប់កំណើត នៅឋានបរមលោក សុគតិភពកុំបីឃ្លាងឃ្លាត ដោយប្រការណាមួយឡើង ពិសេសបានរួចចាកផុត ពីបាបកម្មផងទាំងពួង និងម៉្យាងវិញទៀតសូមវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា តាមជួយគាំពារបីបាច់ថែរក្សាការពារសម្តេច ឯកឧត្តម លោកជំទាវ ជាកូន ចៅ និងបងប្អូនញាតិមិត្តទាំងអស់ សូមរស់នៅប្រកបដោយសុខដុមរមនាត្រជាក់ត្រជុំ គ្រប់ក្រុមគ្រួសារទាំងអស់ ចាប់តាំងពីពេលនេះជាយូរអង្វែងតរៀង កុំបីឃ្លៀងឃ្លាតដោយប្រការណាមួយឡើយ។

នៅក្នុងពិធីតាមបែបសាសនានោះដែរលោក តាន់ បញ្ញាវុធ ត្រូវជាស្វាមី លោកស្រី កូវ សុវណ្ណារិទ្ធ ព្រមទាំងបុត្រ ត្រូវជាកូន និងចៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ លោក គ្រី ទូច និងលោកស្រី ទ្រី ង៉ូវណាំ ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ លោកស្រី ប៊ុន សាមលេន និងលោក គីម ទូច ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយៗទាំងអស់ ព្រមទាំងញាតិ មិតជិតឆ្ងាយទាំងអស់ របស់លោកជំទាវ ប៊ុន សុថា បាននិមន្តសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមេគុណរាជធានីភ្នំពេញ សម្តែងព្រះធម្មវិសេសទេសនា ពីអានិសង្សនៃសង្ខាមនុស្សសត្វ ដែលចាប់បដិសន្ធិលើភពផែនដីនៃលោកយើងនេះហើយ រមែងតែងតែកើតចាស់ឈឺស្លាប់ ជាធម្មជាតិទៅហើយនោះ។

សម្តេចព្រះពុទ្ធជ័យមុនី មានសង្ឃដិកាដល់ញាតិញ៉ោមទាំងអស់ ត្រូវបានការរំងាប់ចិត្តពីក្តីស្រឡាញ់ ចំពោះការបាត់បង់សាច់ញាតិរបស់ខ្លួន តួយ៉ាងថ្ងៃនេះសម្តេច ឯកឧត្តម លោកជំទាវ បានបាត់បង់រូបកាយលោកជំទាវ ប៊ុន សុថា ធ្វើមរណកាលលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខ ដោយរោគាពាធ ដែលមិននឹកស្មានដល់នោះ។

សម្តេចព្រះពុទ្ធជ័យមុនី បានឧទ្ទិសមហាកុសលកើតចេញពីការសំដែងធម្មទេសនានេះ សូមលោកជំទាវបានយោងយិតទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតដោយប្រការណាមួយ ចាប់តាំងពីពេលនេះតទៅ។

បន្ទាប់មកនៅរាត្រីថ្ងៃទី៤ ខែកុម្ភៈនោះដែរ លោក តាន់ បញ្ញាវុធ ត្រូវជាស្វាមី លោកស្រី កូវ សុវណ្ណារិទ្ធ ព្រមទាំងបុត្រ ត្រូវជាកូន និងចៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ លោក គ្រី ទូច និងលោកស្រី ទ្រី ង៉ូវណាំ ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ លោកស្រី ប៊ុន សាមលេន និងលោក គីម ទូច ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយៗទាំងអស់ បាននិមន្ត ព្រះសង្ឃចំនួន៥អង្គ ធ្វើបទអភិធម្មបង្សុកូលឧទ្ទិសមហាកុសល ជូនដល់វិញ្ញាណក្ខន្ធសពលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដែលបានធ្វើកម្មកិរិយាលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

នៅក្នុងពិធីតាមបែបសាសនានោះដែរ ព្រះសង្ឃទាំង៥អង្គ បានស្វាធ្យាពុទ្ធមង្គលវិបុលសុខគ្រប់ប្រការ ឧទ្ទិសមហាកុសល ក៏ដូចជារំដោះគ្រោះបាបកម្មផងទាំងពួង ជូនដល់វិញ្ញាណក្ខន្ធសពលោកជំទាវ ប៊ុន សុថា ដើម្បីឲ្យវិញ្ញាណក្ខន្ធសពលោកជំទាវ បានរួចចាកផុតពីទុក្ខទោសផងទាំងពួង ដើម្បីបានទៅចាប់បដិសន្ធិនៅឋានបរមលោក សុគតិភព កុំបីឃ្លៀងឃ្លាតដោយប្រការណាមួយ ចាប់តាំងពីពេលនេះតរៀងទៅ។

នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសាករាជ២៥៦៦ ត្រូវនឹងថ្ងៃទី៥កុម្ភៈ ដែលជាថ្ងៃទី៣ នៃពិធីបុណ្យតម្កល់សព។ លោក តាន់ បញ្ញាវុធ ត្រូវជាស្វាមី លោកស្រី កូវ សុវណ្ណារិទ្ធ ព្រមទាំងបុត្រ ត្រូវជាកូន និងចៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ លោក គ្រី ទូច និងលោកស្រី ទ្រី ង៉ូវណាំ ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ លោកស្រី ប៊ុន សាមលេន និងលោក គីម ទូច ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយៗទាំងអស់ បានរៀបចំប្រគេនចង្ហាន់ សម្តេចព្រះសង្ឃនាយករងទី១ សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ និងមន្រ្តីសង្ឃ៩អង្គ ដើម្បីសម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ និងមន្រ្តីសង្ឃ ស្វាធ្យាពុទ្ធិពរជ័យមង្គលដល់វិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដែលបានទទួលមរណភាពគម្រប់៣ថ្ងៃ នាថ្ងៃទី៥កុម្ភៈនេះ ។

សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ និងមន្រ្តីសង្ឃ បានឧទ្ទិសផល្លាអានិសង្សកើតចេញពីទឹកចិត្តជ្រះថ្លា ដែលកូនចៅ និងបងប្អូនញាតិមិត្តទាំងអស់ រៀបចំប្រគេនចង្ហាន់ចំពោះព្រះសង្ឃនាពេលនេះ សូមវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា បានយោងយិតទៅចាប់បដិសន្ធិនៅឋានបរមសុខ កុំបីឃ្លៀងឃ្លាតដោយប្រការណាមួយឡើង និងម៉្យាងវិញទៀតតាមអំណាចអានិសង្សដែលកូនចៅ និងញាតិមិត្តទាំងអស់ បានវេរប្រគេនចំពោះព្រះសង្ឃនាពេលនេះ សូមវិញ្ញាណក្ខន្ធសពតាមជួយបីបាច់ថែរក្សាការពារ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយ៉ឺនយូរ ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំជោគវាសនាអនាគតប្រទេសជាតិ ឲ្យកាន់តែរីកចំរើន រឹងមាំទ្វេឡើងថែមទៀត ក្រោមម្លប់សន្តិភាពនៃមរតកសម្តេចតេជោ ហ៊ុន សែន នៃយើងទាំងអស់គ្នា។

បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរ សម្តេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនាំយកនូវគោរោនផ្កា ដើម្បីគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដល់ភូមិគ្រឹៈតម្កល់សព។

គណៈប្រតិភូជាន់ខ្ពស់ដែលអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ប៊ុន សុថា នៅពេលនោះរួមមាន គណៈប្រតិភូទីស្តីការគណៈរដ្ឋមន្រ្តី ដឹកនាំដោយ កិត្តិនីតិកោសល្យបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី គណៈប្រតិភូពិធីការសម្តេចតេជោនាយករដ្ឋមន្រ្តី ដឹកនាំដោយលោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី។ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស សម្តេចតេជោនាយករដ្ឋមន្រ្តី ដឹកនាំដោយនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្ស។ គណៈប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយនាយឧត្តមសេនីយ៍ យន់ មីន រដ្ឋលេខាធិការក្រសួងការពារជាតិ។ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

គណៈប្រតិភូមកពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំដោយនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ គណៈប្រតិភូមកពីកងរាជអាវុធលើផ្ទៃប្រទេស ដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ គណៈប្រតិភូមកពី ធនាគារជាតិនៃកម្ពុជា ដឹកនាំដោយលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

គណៈប្រតិភូមកពីខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក វ៉ៃ សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ គណៈប្រតិភូមកពីខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។ គណៈប្រតិភូមកពីក្រុមប្រឹក្សាស្តារវិស័យកសិកម្ម និងជនបទដឹកនាំដោយលោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាស្តារវិស័យកសិកម្ម និងជនបទ។

គណៈប្រតិភូមកពីក្រសួងផែនការ ដឹកនាំដោយកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ។ គណៈប្រតិភូមកពីខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក ប៉ែន កុសល អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ។ គណៈប្រតិភូមកពីខេត្តប៉ៃលិន ដឹកនាំដោយលោកស្រី សាម សារ៉ាត អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន។

គណៈប្រតិភូមកពីសមាគមកាយរិទ្ធកម្ពុជា ដឹកនាំដោយលោកស្រី តាំង ផល្លី ក្រុមប្រឹក្សាជាន់ខ្ពស់សមាគមកាយរិទ្ធកម្ពុជា។ គណៈប្រតិភូមកពីបញ្ជាការដ្ឋានកងកាំភ្លើងធំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តំណាងឲ្យលោក ណុប រតនា មេបញ្ជាការកងកាំភ្លើងធំ នៃកងយោធពលខេមរភូមិន្ទ។ គណៈប្រតិភូមកពីអគ្គនាយកដ្ឋានពន្ធដារ ដឹកនាំដោយលោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកពន្ធដា។ លោក លឺ ឡាយស្រេង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា។ គណៈប្រតិភូមកពីខេត្តកំពង់ធំ ដឹកនាំដោយអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ។ គណៈប្រតិភូមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ប្រតិភូសភាពាណិជ្ជកម្មដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម។

គណៈប្រតិភូទាំងអស់ បានសំដែងនូវក្តីអាឡោះអាល័យជាមួយក្រតុមគ្រួសារនៃសព និងសូមជូនដំណើរសពជាលើកចុងក្រោយ គ្មានថ្ងៃបានជួបគ្នាជារៀងរហូត ចំពោះលោកជំទាវ ប៊ុន សុថា ដែលជាឥស្សរជនមួយរូបធ្លាប់ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ពិសេសបានចូលរួមបម្រើជាតិ សាសនា ព្រះមហាក្សត្រ ពិសេសជាអគ្គពុទ្ធសាសនិករូបត្ថម្ភមួយរូប ក្នុងការកសាងវិស័យព្រះពុទ្ធសាសនា ឲ្យមានការរីកចំរើនលើគ្រប់វិស័យ រហូតទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ជាតូបការ ដែលជាគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុត របស់ព្រះរាជាណាចក្រកម្ពុជា ពីព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ជាច្រើនទៀត។

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធជាផ្លូវការនោះដែរ សម្តេច ឯកឧត្តម លោកជំទាវ ឥស្សរជនជាន់ខ្ពស់តំណាងគ្រប់ស្ថាប័ន របស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសរសេរអត្ថន័យ នៃការចូលរួមរំលែកទុក្ខដ៏ក្រោមក្រំបំផុត ក្នុងសៀវភៅរំលែកទុក្ខ ដើម្បីទុកជាឯកសារសម្រាប់ក្រុមគ្រួសារនៃសព។ ប្រតិភូទាំងអស់បានចាត់ទុកថា ការទទួលមរណភាពរបស់លោកជំទាវ ប៊ុន សុថា មិនគ្រាន់តែជាការបាត់បង់មាតា ជីដូន ជាទីគោរពស្រឡាញ់ប្រកប ដោយព្រហ្មវិហារធម៌ គុណធម៌ របស់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាការបាត់បង់នូវពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លាដ៏មោះមុតឧត្តុង្គឧត្តម ជាទីគោរពស្រឡាញ់ នៃញាតិមិត្តជិតឆ្ងាយ និងជាការបាត់បង់នូវ ខេមរនារីខ្មែរមួយរូប ដែលមានសេចក្តីអង់អាចក្លាហាន ក្នុងការតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីបុព្វហេតុនៃសេចក្តីថ្លៃថ្នូរ របស់សង្គមជាតិខ្មែរទាំងមូល៕