(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាចំពោះបរិបទសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលបានអូសបន្លាយពេល១ឆ្នំាមកនេះ ហើយដែលសហរដ្ខអាមេរិក និងNATO បានផ្ដល់គ្រឿងសព្វាវុធយ៉ាងច្រើនសម្បើមសព្វបែបយ៉ាងដល់អ៊ុយក្រែន ពិសេសថ្មីៗនេះ អាមេរិកបានផ្ដល់រថក្រោះទំនើបៗ ប្រភេទ M1 Abrams ចំនួន៣១ គ្រឿង និងអាឡឺម៉ង់ បានផ្ដល់រថក្រោះប្រភេទ Leopard 2ចំនួន១៤គ្រឿង នឹងអនុញ្ញាតឲ្យប្រទេសផ្សេងទៀតបញ្ជូនរថក្រោះ Leopards ទៅកាន់ទីក្រុង Kyiv ដែលចង់បានជាយូរមកហើយនេះ គឺអាមេរិកនិងNATO កំពុងតែធ្វើសង្រ្គាមជាមួយនឹងរុស្ស៊ីហៅថា «សង្រ្គាមកូនកាត់-Hybrid War» យ៉ាងពេញទំហឹង។

ពីព្រោះថាសង្រ្គាមកូនកាត់-Hybrid War ជាប្រភេទសង្រ្គាមដែលអាមេរិកនិងNATO មិនបញ្ជូនទ័ពចូលអ៊ុយក្រែនទេ ព្រោះពុំមែនជាសង្រ្គាមប្រពៃណី។

បើពោលឲ្យចំ គោលលទ្ធិយោធា-Doctrine សង្រ្គាមកូនកាត់-Hybrid War របស់សហរដ្ឋអាមេរិកគឺគាំទ្រការបះបោរនៅជុំវិញពិភពលោក។

លោក រត្ន័ សណ្ដាប់ បន្ដថាស្ថិតក្នុងបរិការនេះបើពិនិត្យមើលសង្គ្រាម​កូនកាត់​-Hybrid War ដែលសហរដ្ឋអាមេរិក និងNATO កំពុងប្រយុទ្ធនឹងរុស្ស៊ីនេះ ពួកគេបានចាប់ផ្តើមតាំងពីមុនពេលផ្ទុះសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ីមកម្ល៉េះ។ អ្វី​ដែល​ច្បាស់​នោះ​គឺ​សហរដ្ឋ​អាមេរិក និង​NATO បានធ្វើ​កិច្ចការ​នេះ​យ៉ាងល្អិតល្អន់ ក្នុងនោះសហរដ្ឋ​អាមេរិក​បាន​បញ្ចេញ​ការ​ស៊ើប​ការណ៍មុន​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី ដោយការ​បំភ្លៃ​ព័ត៌មាន​មិន​ពិត​មកលើរុស្ស៊ី ដោយចោទលោក ពូទីនថាស្តាលីន, អ៊ុយក្រែនមិនចង់មានសម្ព័ន្ធភាពជាមួយទីក្រុងមូស្គូជាដើម។

ទន្ទឹងនឹងនេះរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ ប៉ៃដិនJoe Biden បានធ្វើកិច្ចការនេះយ៉ាងជិតស្និទ្ធជាមួយអឺរ៉ុបអស់រយៈពេលជាច្រើនខែ ដើម្បីធានាថា ពួកគេនឹងដាក់ចេញនូវកញ្ចប់ទណ្ឌកម្មដ៏តឹងរ៉ឹង និងការបង្រួបបង្រួមអឺរ៉ុបភ្លាមៗនៅពេលសង្រ្គាមចាប់ផ្តើម។ រីឯនៅលើប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច បានបង្កើតនូវការផ្សព្វផ្សាយដើម្បីឲ្យមានការគាំទ្រពីសាធារណ:មតិជុំវិញពិភពលោក។

ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ យល់ថាហេតុនេះបើពិនិត្យអំពីស្ថានភាពសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលកំពុងតែឆាបឆេះយ៉ាងសន្ធោរសន្ធៅនេះ បើនិយាយអំពីការអង្គុយចុះដើម្បីចរចាស្វែងរកសន្ដិភាពក្នុងពេលឆាប់ៗនេះ គឺប្រហែលជាមិនមែនជាជម្រើសសម្រាប់ភាគីណាមួយទ្បើយ។ ព្រោះក្នុងទស្សន:ភាគីជម្លោះទាំងពីរ ជឿថា ពួកគេអាចសម្រេចបាននូវគោលបំណងនយោបាយរបស់ពួកគេដោយយោធា។

ក្នុងនោះសម្រាប់ភាគីអ៊ុយក្រែន ជឿថានឹងទាមទារយកទឹកដីរបស់ខ្លួនមកវិញ និងបញ្ឈប់ប្រទេសរុស្ស៊ីពីការវិលត្រឡប់មកវិញ។ រីឯភាគីរុស្ស៊ី វិញជឿថាដើម្បី​ធានា​បូរណភាពទឹកដី​របស់ខ្លួនប្រកបដោយ សន្ដិភាព មានតែបញ្ចូល​ទឹកដី​ដែលខ្លួនកាន់កាប់បានធ្វើជាតំបន់ទ្រនាប់របស់ខ្លួនតែប៉ុណ្ណោះ។

ដូច្នេះចំពោះស្ថានភាពសង្រ្គាមនេះ មិនខុសពីការ​ប្រកួត​កីទ្បាប្រដាល់គុនខ្មែរ រវាងអ៊ុយក្រែន និង​រុស្សី ដែល​ភាគីទាំង​ពីរ​វាយ​កែង​គ្នា​ទៅវិញទៅមក និងដំណាក់កាលសម្រាកឲ្យទឹក ដើម្បីប្រមូល​ផ្ដុំ​កម្លំាងនិងរកយុទ្ធវិធី ប្រយុទ្ទលើសង្វៀន មួយទឹកហើយមួយទៀតប៉ុណ្ណោះ៕