(ភ្នំពេញ)៖ លោកបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ត្រូវជាប្អូនថ្លៃ និងជាប្អូនបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លិខិតរបស់គណបក្សយុវជនកម្ពុជា មានខ្លឹមសារទាំងស្រុងដូច្នេះថា «ខ្ញុំ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិក សមាជិកាទូទាំងប្រទេសកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់ប្អូនថ្លៃដ៏គួរជាទីគោរព និងស្រឡាញ់របស់សម្តេចតេជោ គឺលោកជំទាវ ប៊ុន សុថា ដែលបានចែកឋាននៅកាន់លោកខាងមុខ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយសម្តេចតេជោ យ៉ាងក្រៀមក្រំបំផុត សូមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារសព មេត្តាទទួលនូវការចូលរួមរំលែកទុក្ខពីយើងខ្ញុំដោយក្តីគោរពបំផុត»

សូមបញ្ជាក់ថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦៖១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕