(ព្រះសីហនុ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងសហការី បានចុះអប់រំផ្សព្វផ្សាយអំពី ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» ដល់និស្សិត ជិត២០០អង្គ/នាក់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា ជារៀងរាល់ឆ្នាំកាកបាទក្រហមកម្ពុជា តែងតែប្រារព្ធនូវទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ដោយមាននូវប្រធានបទផងដែរ។ ក្នុងឱកាសខួបទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣នេះ បានធ្វើឡើងក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»

ដោយសារតែឆ្នាំ២០២០ ក៏ដូចជានៅឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា ពុំមានធ្វើមិទ្ទីងដូចឆ្នាំកន្លងទៅ ដោយសារតែស្ថានភាពនៃជំងឺកូវីដ១៩ គឺនៅតែបន្ដផ្អាកនូវការប្រារព្ធមិទ្ទីងថ្នាក់ជាតិ តែកាកបាទក្រហមកម្ពុជា នៅតែបន្ដធ្វើការអំពាវនាវ ស្វែងរកនូវការគាំទ្រ ចូលរួមដោយសទ្ធាជ្រះថ្លា និងដោយការស្ម័គ្រចិត្ដ ពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីជួយដល់ជនងាយរងគ្រោះគ្រប់រូបភាពនៅកម្ពុជា។

លោកស្រីបន្ដថា «ខែកុម្ភៈនេះ ជាពេលដែលយើងចាប់ផ្ដើមយុទ្ធនាការ ដូច្នេះនេះជាថ្ងៃទី១នៃយុទ្ធនាការផ្សព្វផ្សាយ ហើយធ្វើដំបូងគេគឺនិស្សិត ដើម្បីឱ្យយុវជនយល់ដឹងអំពីកាកបាទក្រហមកម្ពុជា និងអ្វីដែលយើងបានកំពុងធ្វើនេះ មានអត្ថប្រយោជន៍យ៉ាងណាក្នុងការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត។ ទន្ទឹមនឹងនោះយើងបំផុសនូវឧត្ដមគតិមនុស្សធម៌ ដល់ជួរយុវជន ហើយយុវជនអាចពិចារណាថា អាចនឹងធ្វើអ្វីបានខ្លះ ដើម្បីចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ជួយដល់ពលរដ្ឋងាយរងគ្រោះបំផុត ។លើសពីនោះឱ្យយល់ពីគោលបំណងនៃប្រធានបទ ហើយរួមគ្នាធ្វើអ្វី ដើម្បីបរិយាបន្នសង្គម»។

ក្នុងឱកាសចុះផ្សព្វផ្សាយដល់និស្សិតនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា ក៏បានចាក់នូវខ្សែវីដេអូខ្លីៗ បង្ហាញពីសកម្មភាពការងារកាកបាទក្រហមកម្ពុជា ជួយដើម្បីបរិយាបន្នសង្គម។ ជាការឆ្លើយតបរបស់និស្សិតដែលបានចូលរួមបានឱ្យដឹងថា បេសកកម្មការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិតជាគួរឱ្យស្ងើចសរសើរ ដែលបានលះបង់កម្លាំងកាយចិត្ដ និងពេលវេលា ដើម្បីកៀរគរសប្បុរសជនចូលរួមជួយដល់ជនងាយរងគ្រោះបំផុត ហើយថែមទាំងសម្រាលការលំបាករបស់ប្រជាជន បានទាន់ពេលវេលា ពេលជួបទុក្ខភ័យ។

និស្សិត សន ភិរុន បានបង្ហាញចំណាប់អារម្មណ៍ឱ្យបណ្ដាញព័ត៌មាន Fresh News ថា លោកបានយល់កាន់តែច្បាស់ពីសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា ពិសេសសម្រាប់ប្រធានបទនៃខួបទី១៦០ នៃទិវា៨ឧសភា «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» ដែលធ្វើឱ្យលោក ក៏ដូចជាប្រជាជនទូទៅមិនមានការរើសអើងគ្នា រស់នៅដោយសុខសាន្ដក្រោមដំបូលសុខសន្ដិភាព។

លោកបន្ដថា «ប្រធាននេះថាល្អ ដែលធ្វើឱ្យការរស់នៅក្នុងសង្គមជាតិយើង ពោរពេញទៅដោយសេចក្ដីថ្លៃថ្នូរ គ្មានការរើសអើង ទោះបីអ្នកមាន ឬអ្នកក្រ ជនពិការ ឬជនងាយរងគ្រោះ។ ខ្ញុំនឹងយកទៅផ្សព្វផ្សាយបន្ដដល់គ្រួសារ និងមិត្ដភ័ក្រ កន្លែងធ្វើការ និងនៅថ្នាក់រៀនខ្ញុំ។ ហើយខ្ញុំនឹងចូលរួមជាមួយកាកបាទក្រហមកម្ពុជា តាមរយៈសកម្មភាពមនុស្សធម៌ផ្សេងៗ រួមទាំងថវិកាផងដែរ»។

ចំណែកនិស្សិតមួយរូបទៀត ឈ្មោះ ហួន ជីន បានលើកឡើងថា «ខ្ញុំចាប់អារម្មណ៍ទៅនឹងប្រធានបទនេះ ដែលធ្វើឱ្យខ្ញុំយល់កាន់តែច្បាស់ពីសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា ដើម្បីជួយសង្គ្រោះជនងាយរងគ្រោះ ។តាមរយៈសកម្មភាពនេះ បានជំរុញចិត្ដរបស់ខ្ញុំកាន់តែខ្លំាង មានឱកាសខ្ញុំនឹងធ្វើការងារស្ម័គ្រចិត្ដ និងចូលរួមជាថវិកាជាមួយកាកបាទក្រហមកម្ពុជា ជួយដល់ពលរដ្ឋងាយរងគ្រោះរបស់យើង»

សូមជម្រាបថា នៅឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា ផ្អាកធ្វើមិទ្ទីងថ្នាក់ជាតិនៅទីស្នាក់ការកណ្ដាល ដូចឆ្នាំកន្លងទៅ (២០២០-២០២២) ដោយសារស្ថានភាពនៃជំងឺកូវីដ១៩ តែនៅបន្ដរក្សាឱកាសនៃការប្រារព្ធ ៨ឧសភា ជាព្រឹត្ដិការណ៍ដ៏មានសារៈសំខាន់បំផុតសម្រាប់រកមូលនិធិ។ ប៉ុន្ដែនៅឆ្នាំ២០២៣នេះ តាមបណ្ដាសាខាកាកបាទក្រហមកម្ពុជាមួយចំនួន នឹងប្រារព្ធធ្វើជាធម្មតា ដូចជានៅខេត្ដព្រះសីហនុជាដើម។ នេះតាមបញ្ជាក់របស់លោកស្រី ប្រាក់ ចន្ទសុខា ហិរញ្ញិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។

លោកស្រីបានឱ្យដឹងថា «សាខាកាកបាទក្រហមកម្ពុជាខេត្ដព្រះសីហនុ ក៏បានផ្អាកធ្វើមិទ្ទីងប៉ុន្មានឆ្នាំជាប់គ្នាផងដែរ តែនៅឆ្នាំ២០២៣នេះ នឹងប្រារព្ធធ្វើមិទ្ទីង ដោយបានត្រៀមលក្ខណៈជាស្រេចហើយ»

លោកស្រីបានបន្ដថា ទោះក្នុងកាលៈទេសៈណាក៏ដោយ សប្បុរសជនរបស់យើង នៅតែបន្ដចូលរួមជាថវិកា ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ជនងាយរងគ្រោះបំផុត ហើយការចូលរួមរបស់សប្បុរសជនយើង ដោយសារតែសម្លឹងឃើញពីសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា បានចុះយ៉ាងសស្រាក់សស្រាំ ជួយដល់ប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ ពិសេសគ្រោះមហន្ដរាយ។

ជាក់ស្ដែងកន្លងទៅថ្មីនេះ នៅខេត្ដព្រះសីហនុ តំបន់ខ្លះរងគ្រោះដោយខ្យល់ព្យុះ អគ្គិភ័យឆាបឆេះ និងរងគ្រោះផ្សេងៗ ដែលកើតមានជាយថាហេតុ ។ចឹងពេលណាជួបបញ្ហា កាកបាទក្រហមកម្ពុជាទៅដល់ភ្លាមៗ។ លើសពីនោះ ក៏បានជួយឧបត្ថម្ភប្រចាំខែដល់ប្រជាពលរដ្ឋងាយរងគ្រោះខ្លាំង រួមមានស្ដ្រីក្រខ្សត់មានកូនច្រើន កូនខ្សោយសតិបញ្ញា និងផ្ដល់អាហារូបករណ៍សិក្សាជាដើម៕