(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានអំពាវនាវដល់ឪពុកម្ដាយ ឬអាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់ កុំមានការព្រួយបារម្ភអំពីគុណភាព និងផលប៉ះពាល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ព្រោះវ៉ាក់សាំងដែលកម្ពុជាកំពុងប្រើប្រាស់នៅពេលបច្ចុប្បន្ននេះ សុទ្ធតែមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។

ការអំពាវនាវរបស់លោកស្រី ឱ វណ្ណឌីន ធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ដូសទី៦ នៅតាមសាលារៀនក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ រួមជាមួយលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ វិទ្យាល័យចំនួនពីរ ដែលលោកស្រីចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងនៅវិទ្យាល័យ ជា ស៉ីម សន្ធរម៉ុក និងវិទ្យាល័យឥន្ទ្រទេវី។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោកស្រី ឱ វណ្ណឌីន បានអះអាងថា តាមការសង្កេតជាក់ស្ដែងសិស្សានុសិស្សមួយចំនួន បានចាក់វ៉ាក់សាំងត្រឹមត្រូវតាមវេលាកំណត់ដែលមានក្នុងការណែនាំ ប៉ុន្ដែក៏មានសិស្សានុសិស្សមួយចំនួនមានការអាក់ខាន ដោយសារតែខ្លះអាណាព្យាបាលមិនអនុញ្ញាត ឬមិនបានណែនាំឲ្យកូនៗរបស់គាត់ទៅចាក់វ៉ាក់សាំងតាមពេលវេលាកំណត់ ក្រោមហេតុផលផ្សេងៗ។

ចំណុចនេះ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានអំពាវនាវដល់អាណាព្យាបាល ឬឪពុកម្ដាយរបស់សិស្សានុសិស្ស កុំមានការព្រួយបារម្ភអំពីគុណភាព ប្រសិទ្ធភាព ឬផលប៉ះពាល់នៃវ៉ាក់សាំងនេះ ផ្ទុយទៅវិញប្រសិនបើចាក់បានត្រឹមត្រូវតាមកាលកំណត់ នឹងជួយដល់ប្រព័ន្ធភាពសាំរបស់កូនៗពួកគាត់ កាន់តែល្អប្រសើរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

មន្ដ្រីជំនាញសុខាភិបាលរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់មាតា បិតា អាណាព្យាបាលរបស់សិស្សានុសិស្សនៅទូទាំងប្រទេស សូមកុំមានការព្រួយបារម្ភលើបញ្ហាវ៉ាក់សាំង ព្រោះវ៉ាក់សាំងកូវីដ១៩ ដែលយើងប្រើប្រាស់បច្ចុប​្បន្ននេះ គឺជាវ៉ាក់សាំងដែលសុទ្ធតែមានការទទួលស្គាល់ត្រឹមត្រូវពីអង្គការសុខភាពពិភពលោក។ វ៉ាក់សាំងទាំងអស់ដែលយើងប្រើ គឺសុទ្ធតែមានការទទួលស្គាល់»

លោកស្រី ឱ វណ្ណឌីន បានអះអាងថា ក្រោមការចាត់ចែង និងយកចិត្តទុកដាក់គ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ការស្រោចស្រពវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានប្រសិទ្ធភាពល្អ ហើយការស្រោចស្រពបានទាន់ពេលវេលានេះ បង្កលក្ខណៈឲ្យប្រទេសកម្ពុជាអាចបើកដំណើរការឡើងវិញលើគ្រប់វិស័យ។

លោកស្រីបានសង្កត់ធ្ងន់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាទទួលបានផលប្រយោជន៍ច្រើនណាស់ពីវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពោលវ៉ាក់សាំងបានជួយសង្គ្រោះជីវិតមនុស្ស។ លោកស្រីបន្ដថា មូលហេតុដែលយើងចាក់ដូសជំរុញបន្ដបន្ទាប់ រហូតមកដល់ដូសទី៦នេះ គឺដោយសារប្រសិទ្ធភាពវ៉ាក់សាំងដែលចាក់មិននៅបានយូរនោះទេ ពោលដល់ពេលវេលាមួយ (៦ ទៅ៨ខែ) នឹងថមថយ ដូច្នេះចាំបាច់ត្រូវតែចាក់ដូសជំរុញ។

លោកស្រី ឱ វណ្ណឌីន បានបន្ថែមទៀតថា កូវីដ១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ហើយវាបានបំប្លែងខ្លួនជាបន្ដបន្ទាប់ ដូច្នេះប្រសិនបើកងការពារក្នុងខ្លួនបុគ្គលម្នាក់ៗ មានការធ្លាក់ចុះ ដូច្នេះនឹងផ្ដល់លក្ខណៈងាយស្រួលដល់ជំងឺកូវីដ១៩ ក្នុងការវាយលុកហើយឈានទៅសភាពធ្ងន់ធ្ងរ។ កត្តាទាំងនេះហើយ អាណាព្យាបាល មាតា បិតារបស់សិស្សានុសិស្សត្រូវអនុញ្ញាតឲ្យកូនៗរបស់ខ្លួនមកទទួលយកវ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ (ដូសទី៣ ដូសទី៤ ដូសទី៥ និងទី៦) ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (ធីតា) ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សា នៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៦ កុម្ភៈ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣៕