(ឥណ្ឌូណេស៊ី)៖ ក្រសួងទេសចរណ៍បានជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ និងការលក់កញ្ចប់ទស្សនកិច្ចសម្រាប់ទីផ្សារឥណ្ឌូណេស៊ី ទីផ្សារក្នុងតំបន់ និងពិភពលោក តាមរយៈពិព័រណ៍ TRAVEX 2023 នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៣ នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៉ី។

លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស បានឱ្យដឹងថា ពិព័រណ៍ TRAVEX 2023 ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដឹកនាំលោក កាទើ មហាំម៉ាត់​ ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងក្រុមហ៊ុនឯកជនចំនួន៥ រួមមាន ហ្វាមហៅស៍ រីស្សត និងស្ប៉ា សណ្ឋាគារ និងរមណីយដ្ឋាន សុខា ក្រុមហ៊ុន Satguru Travel & Tours Co,. Ltd Cambodia ក្រុមហ៊ុន Younes Tourism និងក្រុមហ៊ុន AL BARAKAH TRAVEL & TOUR Co,. Ltd ដើម្បីផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍កម្ពុជា និងជំរុញការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ជាមួយប្រទេសឥណ្ឌូណេស៊ី ប្រទេសក្នុងតំបន់ និងពិភពលោក។

លោក ប្រាក់ វុទ្ធី បានបន្តថា ពិព័រណ៍ទេសចរណ៍ TRAVEX 2023 មានស្តង់សរុបប្រមាណ១០០ស្តង់ អ្នកទិញសរុប៣៤២នាក់ និងអ្នកសារព័ត៌មានចំនួន៦០នាក់ ក្នុងនោះក៏មានការចូលរួមពីសារព័ត៌មានអន្តរជាតិ CNN និង TTG ផងដែរ។ នៅពន្លាក្រសួងទេសចរណ៍កម្ពុជាមានរចនារូបភាពគោលដៅទេសចរណ៍ទាំង៤តំបន់យ៉ាងប្រណិត រួមជាមួយក្បាច់គុនល្បុក្កតោ និងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ផងដែរ។

ជាមួយគ្នានោះ​ដែរ​ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ តំណាងក្រសួងទេសចរណ៍កម្ពុជាបានចូលរួមកម្មវិធី Cambodia Media Briefing ដែលជាផ្នែកមួយនៃពិព័រណ៍ TRAVEX និងបានធ្វើបទបង្ហាញជូនអ្នកសារព័ត៌មានឥណ្ឌូណេស៊ី និងអន្តរជាតិ អំពីបច្ចុប្បន្នភាពគោលនយោបាយទេសចរណ៍ គោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗរបស់កម្ពុជា។ ក្នុងនោះអ្នកសារព័ត៌មានចាប់អារម្មណ៍អំពីគោលដៅទេសចរណ៍កម្ពុជា​ ក្នុងនោះ​ក៏មាន​ការចាប់អារម្មណ៍អំពី Halal Food នៅកម្ពុជា និងការ​ទាក់ទាញ​ទេសចរមូស្លីម​ មកកាន់គោលដៅទេសចរណ៍កម្ពុជា​ផងដែរ​។

ដោយឡែក នៅល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅពន្លាក្រសួងទេសចរណ៍កម្ពុជា លោក កាទើ មហាំម៉ាត់ ណោសស្រ៊ី បានទទួលបដិសណ្ឋារកិច្ចលោក Sandiaga Salahudin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតនៃប្រទេសឥណ្ឌូណេស៊ី និងលោកស្រី Christina Garcia Frasco រដ្ឋមន្រ្តីទេសចរណ៍នៃប្រទេសហ្វីលីពីន ក្នុងដំណើរទស្សនកិច្ចពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX 2023 ព្រមទាំងបានថតរូប និងជូនកាដូអនុស្សាវរីយ៍ផងដែរ។

លោក ប្រាក់ វុទ្ធី បានបន្តទៀតថា ចំពោះសកម្មភាពនៅក្នុងពន្លាក្រសួងទេសចរណ៍ មានការផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ក្រមាខ្មែរ ដំណាប់ផ្លែឈើខ្មែររបស់ក្រុមហ៊ុន Misota ឯកសារផ្សព្វផ្សាយ និង Pin Kingdom of Wonder, Feel the Warmth ការស្កេន QR Code វីដេអូ រូបភាព និងឯកសារផ្សព្វផ្សាយគោលដៅទេសចរណ៍តាមទូរស័ព្ទដៃ ការចាក់វីដេអូនៅលើទូរទស្សន៍ និងការជម្រាបជូនអ្នកសារព័ត៌មាន អ្នកទិញ និងអ្នកលក់មកពីបណ្តាប្រទេសនានាអំពីបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍ កម្ពុជា ជាគោលដៅ សុវត្ថិភាព ស្អាត និងបៃតង ព្រមទាំងបានចាក់ផ្សាយវីដេអូ ឆ្នាំទស្សនាកម្ពុជា ២០២៣ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤-២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ វីដេអូ Taste Cambodia វីដេអូ NEXT Cambodia វីដេអូផ្សព្វផ្សាយរបស់ហ្វាមហៅស៍ រីស្សត និងស្ប៉ា សណ្ឋាគារ និងវីដេអូផ្សព្វផ្សាយរបស់រមណីយដ្ឋានសុខាផងដែរ។

មន្ត្រីជំនាញនៃក្រសួងទេសចរណ៍រូបនេះរំពឹងថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ TRAVEX 2023 កម្ពុជានឹងទទួលបានភ្ញៀវទេសចរឥណ្ឌូណេស៊ី និងអន្តរជាតិកាន់តែច្រើនឡើងនៅក្នុងឆ្នាំ២០២៣ និងនៅឆ្នាំបន្តបន្ទាប់ទៀត៕