(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញជូនដំណឹងស្ដីពីតម្រាយផ្លូវនៃការដង្ហែសពរបស់លោកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ទៅកាន់វត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

គួរជម្រាបថា លោកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង បានទទួលមរណភាពកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ សពបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រុមគ្រួសារនៃសពនឹងធ្វើពិធីដង្ហែសពទៅកាន់វត្តបទុមវតី ដើម្បីរៀបចំទុកដាក់តាមប្រពៃណី នៅវេលាម៉ោង ៧៖០០នាទីព្រឹក នាថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចាប់ផ្តើមដង្ហែចេញពីគេហដ្ឋាននៃសពផ្ទះលេខ៦៦ រួចបន្តតាមផ្លូវលេខ២៨៥ បត់ស្តាំតាមបណ្ដោយផ្លូវលេខ៥១៦ ឆ្ពោះទៅផ្លូវលេខ៧០ ហើយបន្តទៅរង្វង់មូលគួចកាណុង បត់តាមបណ្តោយមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅស្តុបបេកាសេ បន្តក្បួនដង្ហែតាមមហាវិថីព្រះអង្គឌួង ឆ្ពោះទៅមហាវិថីព្រះនរោត្តម រង្វង់មូលវិមានឯករាជ្យ បន្តតាមមហាវិថីព្រះសីហនុ រហូតដល់មហាវិថីព្រះសុធារស ផ្លូវលេខ២៤០ និងផ្លូវឧកញ៉ាស៊ូស៊្រុន រួចចូលទីតាំងប្រារព្ធពិធីនៅវត្តបទុមវតី។

ដើម្បីឱ្យពិធីដង្ហែសពប្រារព្ធទៅដោយរលូន សមត្ថកិច្ចនឹងធ្វើការបង្វែរទិសចរាចរតាមតម្រាយផ្លូវ ដែលក្បួនឆ្លងកាត់ ដូចនេះសូមប្រជាពលរដ្ឋមេត្តាប្រើប្រាស់ផ្លូវផ្សេងក្នុងការធ្វើដំណើរ ដើម្បីចៀសវាងកុំឱ្យមានការខកខានដោយប្រការណាមួយ៕