(ញូវដេលី-ឥណ្ឌា)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយព្រះសង្ឃ ដែលគង់នៅវត្តខ្មែរ ក្នុងទីក្រុងញូវដែលី ព្រមទាំងសមណនិស្សិត និងនិស្សិតខ្មែរ ដែលកំពុងសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅក្នុងប្រទេសឥណ្ឌា។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនជូនព្រះតេជព្រះគុណព្រះសង្ឃ និងប្អូនៗ និស្សិតទាំងអស់ ប្រកបដោយសទ្ធាគោរពបូជា និងមនោសញ្ចេតស្រឡាញ់យកចិត្តទុកដាក់ជាទីបំផុត។

លោក ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរប្រគេនជូនសមណនិស្សិត និងប្អូនៗនិស្សិតដែលមានឱកាស បានមកសិក្សានៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសមួយមានអរិយធម៌ដ៏ចំណាស់ ហើយក៏មានចំណងទាក់ទងយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា ផ្នែកវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏សម្បូរបែបក្នុងដានប្រវត្តិសាស្ត្រដ៏យូរលង់។

លោកបានបញ្ជាក់បន្ថែមថា ប្អូនៗនិស្សិតដែលកំពុងសិក្សាពេលនេះ គឺជាអនាគតនៃមូលធនមនុស្សរបស់ប្រទេសកម្ពុជា ប្រកបដោយសមត្ថភាពពិតប្រាកដ ដែលអាចបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ទៅតាមជំនាញរបស់ខ្លួន។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើជូនប្អូនៗនិស្សិត ឲ្យបន្តខិតខំសិក្សារៀនសូត្រ ឲ្យមានចំណេះដឹង និងជំនាញច្បាស់លាស់ ជាពិសេសនៅក្នុងបរិបទសាកលភាវូបនីយកម្ម ដែលកំពុងមានតម្រូវការធនធានមនុស្សប្រកបដោយគុណភាព តាមការទាមទាររបស់ទីផ្សារការងារ និងត្រូវចេះឆ្លៀវឆ្លាតក្នុងការបង្កើតបណ្តាញទំនាក់ទំនងក្នុងសង្គម តាមរយៈការចូលរួមក្នុងសកម្មភាពក្រៅកម្មវិធីសិក្សា ដូចជាការងារស្ម័គ្រចិត្ត និងកម្មវិធីសប្បុរសធម៌ផ្សេងៗ ដើម្បីពង្រឹងភាពក្លាហាន និងទទួលបានបទពិសោធន៍បម្រើ ឲ្យការសម្រេចគោលដៅទៅអនាគត៕