(ពោធិ៍សាត់)៖ រថយន្ដពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្ស៤នាក់រងរបួស និងបន្ដទៅបុករថយន្ដមួយគ្រឿងផ្សេងទៀត បណ្ដាលឲ្យរងការខូចខាត។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

មន្ដ្រីនគរបាលចរាចរណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Toyota Camry មួយគ្រឿង ពណ៌បៃតងចាស់ ពាក់ផ្លាកលេខបន្ទាយមានជ័យ2A-0454 ទិសដៅពីខាងលិចទៅកើត លុះដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តមួយគ្រឿងទៀត ដែលបើកបរបញ្ច្រាសទិសគ្នា ម៉ាក Toyota Vitz ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BS-9878 ពេញមួយទំហឹងតែម្ដង។

ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យអ្នកបើករថយន្ដ Toyota Vitz ឈ្មោះ ចាំង រ៉ាវុធ អាយុ៣២ឆ្នាំ នៅភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ (រងរបួសធ្ងន់)។ ដោយឡែក អ្នករួមដំណើរ៣នាក់ ដែលត្រូវជាកូនរបស់អ្នកបើកបរក៏រងរបួសដូចគ្នា ក្នុងនោះរួមមាន ទី១៖ឈ្មោះ ចាំង ជីងឡាក់ ភេទស្រី អាយុ៩ឆ្នាំ (របួសធ្ងន់), ទី២៖ឈ្មោះ ចាំង រក្សា ភេទស្រី អាយុ៦ឆ្នាំ និងទី៣៖ឈ្មោះ ចាំង រតនៈ អាយុ២ឆ្នាំ។

ភ្លាមនោះរថយន្តបានបន្តបុករះ ចំរថយន្តមួយគ្រឿងទៀត ម៉ាក Toyota Higlander ពណ៌ទឹកមាស ពាក់ផ្លាកលេខពោធិ៍សាត់2B-6363 ទិសដៅពីកើតទៅលិច តែមិនបណ្តាលឲ្យអ្នកបើកបរមិនរងរបួសឡើយ។

បច្ចុប្បន្នរងគ្រោះត្រូវបានបញ្ជូនមកព្យាបាល នៅគ្លីនិចឯកជនក្នុងខេត្ត ដោយឡែកអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបាងកក ប្រទេសថៃ។ ចំពោះវត្ថុតាង ត្រូវបានរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ រងចាំដោះស្រាយនៅពេលក្រោយ៕