(តាកែវ)៖ ក្មេងស្ទាវមួយក្រុមមានគ្នា៤នាក់ ដែលបានកាប់ប្រហារទៅលើយុវជនម្នាក់ទាំងដែលគ្មានជម្លោះជាមួយគ្នា នៅលើផ្លូវជាតិលេខ២ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម ត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានជាបន្ដបន្ទាប់។

លោក ឃុត ភិន អធិការនគរបាលស្រុកទ្រាំង បានឲ្យដឹងថា ក្រោយមានការហេតុការណ៍កាប់ប្រហារនេះកើតឡើង កម្លាំងនគរបាលជំនាញបានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនយុវជនម្នាក់ ឈ្មោះ ផែន រ៉ាឌី អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំត្រឡាច ស្រុកទ្រាំង យកមកធ្វើការសួរនាំ។

ក្រោយស្ដាប់ចម្លើយសារភាព បានបញ្ជាក់ថា ខ្លួនគេនិងបក្ខពួកមិនមានគំនុំអ្វីជាមួយ ជនរងគ្រោះនោះទេ ប៉ុន្តែរូបគេ និងគូរកនមានរឿងមកពីកន្លែងផ្សេង រួចក៏ជិះម៉ូតូដល់កន្លែងកើតហេតុឃើញជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង រូបគេ និងបក្ខពួកក៏បានកាប់សំដៅមកលើជនរងគ្រោះបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។

លោកអធិការនគបាលស្រុកទ្រាំង បានបន្តថា នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចស្រុកទ្រាំង បានសហការជាមួយកម្លាំងសមត្ថកិច្ចស្រុកគិរីវង់ បានចុះឃាត់ខ្លួនយុវជន៣នាក់ទៀត តាមចម្លើយសារភាពរបស់ឈ្មោះ ផែន រ៉ាឌី ក្នុងនោះរួមមាន៖

*ទី១៖ ឈ្មោះ សន វណ្ណរ៉ា អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ជាជនដៃដល់កាប់ជនរងគ្រោះ (ម្ចាស់ដាវ និងកាំបិត)
*ទី២៖ ឈ្មោះ ស៊ឹម ចន្នី អាយុ១៧ឆ្នាំ រស់នៅភូមិអណ្ដូងកៀន ឃុំភ្នំដិន ស្រុកគិរីវង់ ម្ចាស់ម៉ូតូដឹកជនសង្ស័យ ដៃដល់កាប់ជនរងគ្រោះ
*ទី៣៖ ឈ្មោះ សុខ សេមសេរីវឌ្ឍនៈ អាយុ១៦ឆ្នាំ រស់នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ម្ចាស់កាំបិតក្រង៉ុក និងម៉ូតូខ្ចីគេជិះធ្វើសកម្មភាព)។

ក្រោយឃាត់ខ្លួនជនសង្ស័យ៤នាក់ហើយ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធីច្បាប់។

សូមរំលឹកថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ដោយយុវជនម្នាក់ ត្រូវក្មេងស្ទាវមួយក្រុមកាប់ប្រហារ ពេលកំពុងជិះម៉ូតតាមដងផ្លូវ។ ជនរងគ្រោះ និងជនបង្ក មិនដែលស្គាល់គ្នា ឬមានជម្លោះជាមួយគ្នានោះទេ ប៉ុន្ដែដោយសារក្រុមជនបង្កខឹងចិត្តកាប់អ្នកផ្សេងដែលជាគូជម្លោះមិនបាន ហើយឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក៏កាប់សម្លាប់តែម្ដង៕