(ភ្នំពេញ)៖ ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្តល់អាហារូបករណ៍ជូនសិស្សនិទ្ទេស A តែម្នាក់មកពីវិទ្យាល័យបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល តាមបំណងប្រាថ្នារបស់គេ។

លោក កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមនិងក្រុមការងារ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានធ្វើដំណើរទៅដល់ ផ្ទះរបស់យុវតី វ៉ុន សុរ៉ានី ស្ថិតនៅក្នុងឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ដំណើរចុះទៅដល់ផ្ទះរបស់យុវតី សុរ៉ានី ដើម្បីពិនិត្យដោយផ្ទាល់ពីស្ថានភាពគ្រួសាររបស់ សិស្សពូកែលើដីជនបទរូបនេះ និងប្រកាសផ្តល់អាហារូបករណ៍របស់សម្តេចតេជោ ជូនដល់រូបគេ សម្រាប់សិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ បន្ថែមពីលើនោះ លោក កែវ ផុង និងក្រុមការងារ ក៏បានអំណោយសម្តេចតេជោ រួមមានថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់យុវតី សុរ៉ានី ផងដែរ។

លោក កែវ ផុង បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា សម្តេចតេជោ ហ៊ុន សែន តាមរយៈរូបលោកជាជំនួយការ បានសម្រេចផ្តល់អាហារូបករណ៍ជូនដល់យុវតី សុរ៉ានី សិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រសិនបើគេប្រលងចូលជាប់។ តែបើមិនជាប់ ទោះយុវតីរូបនេះទៅរៀនមុខវិជ្ជាដទៃ ក៏សម្តេចតេជោ ផ្តល់អាហារូបករណ៍ជូនរូបគេផងដែរ។ ក្រៅតែពីការផ្តល់អាហារូបករណ៍ហើយនោះ សម្តេចតេជោ ក៏បានណែនាំឱ្យគិតគូរពីការស្នាក់នៅ និងការចំណាយផ្សេងៗទៀតក្នុងកំលុងពេលសិក្សានៅរាជធានីភ្នំពេញផងដែរ។

យុវតី វ៉ុន សុរ៉ានី គឺជាសិស្សតែម្នាក់គត់ដែលទទួលបាននិទ្ទេស A សម្រាប់ឆ្នាំ២០២២ ក្នុងចំណោមសិស្សជាង ១០០នាក់ មកពីវិទ្យាល័យបួរ ស្ថិតក្នុងឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ វិទ្យាល័យបួរ ជាវិទ្យាល័យដាច់ស្រយាលមួយ លើទឹកដីជាយដែន ខ្មែរ-ថៃ។

យុវតី សុរ៉ានី ទទួលបានមធ្យមភាគ ៩៩.៨៩១ ដែលជាលំដាប់មធ្យមភាគកម្រិតខ្ពស់ មួយ ក្នុងចំណោមសិស្សទទួលបាននិទ្ទេស A ក្នុងឆ្នាំ២០២២។

ការសិក្សាលើមុខវិជ្ជាពេទ្យនៅសាកលវិទ្យាល័យវិទ្យសាស្ត្រសុខាភិបាល គឺជាបំណងប្រាថ្នាដ៏ធំបំផុតរបស់យុវសិស្សមកពីដីជនបទរូបនេះ។ តែស្ថានភាពគ្រួសារ ដែលឪពុកអ្នកម្តាយ មានជីវភាពត្រឹមជាអ្នកចម្ការធ្វើឱ្យយុវសិស្សរូបនេះ ជួបការប្រឈម ដើម្បីសម្រេចបំណងប្រាថ្នា។

អាស្រ័យហេតុនេះហើយទើបនៅថ្ងៃទី០២ ខែកុម្ភៈ តាមរយៈអង្គភាពព័ត៌មាន Fresh News យុវតី សុរ៉ានី រួមនិងម្តាយ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចសំណេះសំណាល ជាមួយសម្តេចតេជោ ហ៊ុន សែន បានទទូចសុំអាហារូបករណ៍ពីសម្តេចតេជោ ដើម្បីមានលទ្ធភាពសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

បន្ទាប់ពីបានជួបផ្ទាល់ជាមួយជំនួយការសម្តេចតេជោ និងប្រកាសផ្តល់អាហារូបករណ៍ សម្រេចបំណងសិក្សា បានធ្វើឱ្យយុវតី សុរ៉ានី និងក្រុមគ្រួសាររំភើបរីករាយគ្មានអ្វីប្រៀប ផ្ទឹមនោះឡើយ។

យុវតី សុរ៉ានី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន សម្រាប់ការជួយសម្រេចបំណងប្រាថ្នារបស់គេ។ យុវតីរូបនេះ បានគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន៕