(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អមដំណើរដោយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ប៊ុន សុថា ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨៖១៣នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

ក្នុងសាររំលែកមរណទុក្ខគោរពផ្ញើជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងភរិយា ព្រមទាំងកងកម្លាំងនគរបាលជាតិ មានសេចក្តីក្តុកក្តួលសោកស្តាយជាអនេក ចំពោះមរណភាពរបស់លោកជំទាវ ប៊ុន សុថា។ ស្ថិតក្នុងវេលាប្រកបដោយសេចក្តីទុក្ខព្រួយដ៏សោកសង្រេងនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ។

មរណភាពលោកជំទាវ ប៊ុន សុថា គឺជាការបាត់បង់ដោយសេចក្តីអាឡោះអាល័យជាទីបំផុតរកអ្វីប្រៀបផ្ទឹមពុំបាននូវ ប្អូន ប្អូនថ្លៃ ភរិយា ម្តាយ និងជីដូន ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា និងជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភក៍មួយរូបដ៏សប្បុរស និងប្រកបដោយសមានចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។

សូមបញ្ជាក់ថា លោកជំទាវ ប៊ុន សុថា ត្រូវជាប្អូនស្រីបង្កើត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សពត្រូវបានតម្កល់ប្រារព្ធពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕