(កំពង់ចាម)៖ ដោយមានការយកចិត្តទុក្ខដាក់ចង្អុលបង្ហាញណែនាំ និងអនុញ្ញាតពីលោកវរសេនីយ៍ទោ សេង ណា អធិការនគរបាលស្រុកព្រៃឈរ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវសេនីយ៍ទោ ជីន រិទ្ធានី អធិការរងទទួលការងារនគរបាលយុត្តិធម៌ បានដឹកនាំកម្លាំងផែនជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃវៀន ចុះជួបសំណេះសំណាលជាមួយអាជីវករលក់ដូរនៅក្នុងទីប្រជុំជនផ្សារព្រៃទទឹង។

ក្នុងនោះ លោកវរសេនីយ៍ទោ ជិន រិទ្ធានី បានផ្ដល់នូវលេខទូរស័ព្ទ និងប្រព័ន្ធសារអេឡិចត្រូនិច WhatsApp telegrams Facebook Messager របស់អង្គភាពអធិការដ្ឋាន ក៏ដូចជាមន្ត្រីផែនជំនាញ និងប៉ុស្តិ៍រដ្ឋបាលឃុំ ដើម្បីងាយស្រួយក្នុងការទំនាក់ទំនងនៅពេលមានបញ្ហាអ្វីកើតឡើង ឬមានហេតុការណ៍ណាមួយដែលត្រូវការជំនួយអន្ដរាគមន៍ពីមន្ដ្រីនគរបាល។

បន្ថែមពីនេះ លោកវរសេនីយ៍ទោ ជិន រិទ្ធានី បានសំណូមពរដល់អាជីវករក្នុងផ្សារព្រៃទទឹង ឲ្យមានការចូលរួមសហការ ឲ្យបានស្អិតរមួតជាមួយកម្លាំងនគរបាល ពិសេសកម្លាំងនគរបាលដែលប្រចាំការការពារនៅគោលដៅផ្សារតែម្តង ក្នុងករណីមានហេតុការសង្ស័យ ត្រូវផ្តល់់ព័ត៌មានជាបន្ទាន់ជូនសមត្ថកិច្ច៕