(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ​នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការជំរុញការលើកកម្ពស់ ការវិច្ចាគឈាមដោយស្ម័គ្រចិត្ត ក៏ដូចជាតាមការអំពាវនាវ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ នៅតាមមន្ទីរពេទ្យនានា ដែលកំពុងត្រូវការឈាមជាចាំបាច់។

កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងសប្បុរសជនបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ចំនួនសរុប ១១១ រូប ក្នុងនោះរួមមាន មន្ត្រីគយនិងរដ្ឋារករ ចំនួន៧៩រូប បុគ្គលិកជាប់កិច្ចសន្យានៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចំនួន០៥រូប និងបុគ្គលិកក្រុមហ៊ុនតំណាងវិស័យឯកជនចំនួន២៧រូប។

វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគូសបញ្ជាក់ថា បច្ចុប្បន្នទោះបីមានការចូលរួមបរិច្ចាគឈាមជាច្រើន ពីមជ្ឈដ្ឋាននានាក្តី ក៏បរិមាណឈាមដែលទទួលបាន នៅពុំទាន់បំពេញតាមតម្រូវការប្រើប្រាស់ទាំងស្រុងនៅឡើយ។

លោកវេជ្ជបណ្ឌិតបានកោតសរសើរ និងថ្លែងអំណរគុណ ដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាអ្នកស្ម័គ្រចិត្តផ្តល់ឈាមទាំងអស់ ដែលបានរៀបចំកម្មវិធីនេះឡើង។

បណ្ឌិត គុណ ញឹម បានគូសរំលេចថា នេះជាកម្មវិធីលើកដំបូង នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្នុងចំណោមសកម្មភាពសប្បុរសធម៌នានា នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាផ្ទាល់ ដែលកន្លងមកថ្នាក់ដឹកនាំ មន្ត្រីគយនិងរដ្ឋាករ និងបុគ្គលិកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្លាប់តែបានចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្តជាបន្តបន្ទាប់ ទាំងក្នុងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតាមការស្ម័គ្រចិត្ត ជាលក្ខណៈបុគ្គល ដោយផ្ទាល់នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋារករ ព្រមទាំងតំណាងវិស័យឯកជន ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមនាពេលនេះ ដែលជាសកម្មភាពសប្បុរសធម៌ដ៏ល្អប្រពៃ ប្រកបដោយក្តីស្រឡាញ់ និងការជួយសង្គ្រោះជីវិតមនុស្ស៕