(ភ្នំពេញ)៖ គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ មានការកើនឡើងសត្វមូសនៅក្នុងរាជធានីភ្នំពេញ ស្ទើរតែមានគ្រប់ទីកន្លែង ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការត្អូញត្អែរអំពីបញ្ហានេះ និងបានបង្កការរំខាន ដល់ការរស់នៅប្រចាំថ្ងៃផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានៃការកើនឡើងសព្វមូសនេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស នៅតាមភូមិ-ឃុំ ក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ។ យុទ្ធនាការនេះ បានចាប់ផ្ដើមតាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលនឹងបន្ដបាញ់ថ្នាំសម្លាប់មូសទូទាំងរាជធានីភ្នំពេញ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានបើកយុទ្ធនាការបាញ់ថ្នាំមូស ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយបើសិនជាមូសនៅតែមាន គឺនៅតែបន្ដបាញ់ ហើយបាញ់ទូទាំងរាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត ងី មានហេង ក៏បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការកើនឡើងសត្វមូស នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញនេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ មិនទាន់មានការសិក្សាណាមួយ ថាមកពីមូលហេតុអ្វី បានជាមានសត្វមូសច្រើនបែបនេះ នៅឡើយទេ។

ក្នុងនាមប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត សូមស្នើឲ្យប្រជាពលរដ្ឋ ជួយនាំគ្នាលុបបំបាត់ជម្រកសត្វមូស ព្រោះថា ការលុបបំបាត់ជម្រកសត្វមូសនេះ គឺជាវិធានការដ៏មានប្រសិទ្ធិភាពបំផុត ដោយមិនចំណាយថវិកាច្រើន ហើយជាការទទួលខុសត្រូវ នៃសហគមន៍ខ្លួនឯងផងដែរ។

លោកវេជ្ជបណ្ឌិត ងី មានហេង បានគូសបញ្ជាក់ថា មូស វាកើតឡើង ដោយសារតែមានជម្រកមូស ដែលត្រូវនាំគ្នាលុបបំបាត់ជម្រកមូស។ លោកថា ទីក្រុងណាក៏ដោយ កាលណាគ្មានជម្រកមូស ទីក្រុងនោះ សឹងតែគ្មានមូសតែម្ដង។

ទន្ទឹមគ្នានេះ លោកវេជ្ជបណ្ឌិត ងី មានហេង បានឲ្យដឹងទៀតថា មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបិទសារអប់រំ តាមមណ្ឌលសុខភាពបង្អែកទាំងអស់ នៅក្នុងរាជធានីភ្នំពេញ និងបានប្រាប់ឲ្យអាជ្ញាធរដែនដី ជូនដំណឹងដល់ប្រជាពលរដ្ឋ ដោយ៣០០ម៉ែត្រជុំវិញផ្ទះ ត្រូវតែអត់មានជម្រកមូស៕