(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាតឱ្យលោកស្រី Roueida EI Hage (រួអេដា អី ហេក) តំណាងឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសង្គមកិច្ច។

នៅក្នុងឱកាសនោះ រដ្ឋមន្ត្រី វង សូត បានស្វាគមន៏យ៉ាងកក់ក្តៅចំពោះលោកស្រី Roueida EI Hage (រួអេដា អី ហេក) និងសហការី និងបានជម្រាបអំពីការងារមួយចំនួនដែលក្រសួងបានធ្វើ និងឆ្លងកាត់ក្នុងដំណាក់កាល នៃជំងឺកូវីដ ក៏ដូចជាការងារ ជួយជនរងគ្រោះដោយសាររងផលប៉ះពាល់នានា និងជនអនាថា ដែលរស់នៅក្នុងមណ្ឌលជាដើម។

ជាមួយគ្នានេះ លោកស្រី Roueida EI Hage ក៏បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសឱ្យលោកស្រី និងក្រុមការងារបានជួបពិភាក្សា និងបានស្នើសុំឱ្យឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ទាក់ទិននិងការវិវត្តន៍ថ្មី នៃមជ្ឍមណ្ឌលព្រៃស្ពឺផងដែរ ។

ជាការឆ្លើយតបត្រង់ចំណុចនេះ រដ្ឋមន្ត្រីបានជម្រាបជូន លោកស្រីតំណាងឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាថា កន្លងទៅក្រសួងសង្គមកិច្ច មានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងព្រមទាំងមានជំនួយ បច្ចេកទសពីក្រសួង សំដៅធានាការគ្រប់គ្រងឱ្យបានល្អ និងមានស្តង់ដាត្រឹមត្រូវ។ ចំពោះករណីដែលមានការស្លាប់នៅក្នុងមណ្ឌលនោះ ក្រសួងទទួលបានរបាយការណ៍ជាបន្តបន្ទាប់ និងបានទាក់ទងទៅសាលារាជធានីភ្នំពេញ ដើម្បីឱ្យរកពេទ្យបន្ថែមសម្រាប់មើលថែ ឬពេលមានជំងឺត្រូវបញ្ជូនអ្នកជំងឺទៅពេទ្យតាមលក្ខណៈសុខាភិបាល ដោយមិនទុកពួកគាត់ចោលនោះទេ។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រី វង សូត ក៏បានអញ្ជើញលោកស្រី រួអេដា ទៅពិនិត្យមើលមណ្ឌលវិបល្លាស មណ្ឌលយុវនីតិសម្បទា និងមណ្ឌលគ្រឿងញៀនដែលស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រោះមណ្ឌលនេះ វាមានលក្ខណៈល្អប្រសើរជាង ដោយក្នុងមណ្ឌលនោះមានការរៀបចំឱ្យមានមណ្ឌលសុខភាពនៅទីនោះផ្ទាល់។

លោកស្រី Roueida EI Hage ក៏បានអរគុណចំពោះ ការផ្តល់ឱកាសបើកទូលាយ និងផ្តល់ការសហការពីក្រសួងសង្គមកិច្ច ហើយលោកស្រីនិងសហការីនឹងអញ្ជើញទៅកាន់មណ្ឌលនានា ដែលឯកឧត្តមរដ្ឋមន្ត្រីបានណែនាំ ដើម្បីដឹងពីស្ថានភាពជាក់ស្តែង នៃការរស់នៅក្នុងមណ្ឌលរបស់ជនវិបល្លាប ជនអនាថា និងអ្នកទៅទទួលការកែប្រែដោយសារតែសារធាតុញៀន នៅថ្ងៃណាមួយតាមការកំណត់ជាក់ស្តែង ៕