(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដាក់បទបញ្ជាឲ្យកងកម្លាំងអាវុធហត្ថទូទាំងខេត្ត ត្រូវបន្ដពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរ។

ការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថឆ្នាំ២០២I២ និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថ ឆ្នាំ២០២៣ និងចែកប័ណ្ណសរសើរ លិខិតសរសើរ របស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។

ក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងមេ បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការ ព្រមទាំងនាយទាហានរងជាច្រើនរូបទៀតផងដែរ។

បន្ថែមពីការណែនាំឲ្យពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាពហើយនោះ, លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ក៏បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវបន្ដខិតខំបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាដែលអាច និងកើតមានក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង ដើម្បីបន្ដរក្សាសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកមេបញ្ជាការក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សម្រេចបាននាពេលកន្លងមក ប៉ុន្ដែលោកបានណែនាំដល់មន្ដ្រីទាំងអស់ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងបន្ដកិច្ចសហការល្អជាមួយស្ថាប័នដទៃ ដើម្បីប្រសិទ្ធភាពការងារបន្ដទៀត៕