(ភ្នំពេញ)៖ សមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរកម្ពុជា រួមជាមួយវិទ្យាស្ថានតន្ត្រីទីក្រុងឡុងដ៍ នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈម្សិលមិញ បានប្រារព្ធពិធីទទួលបដិសណ្ឋារកិច្ច នៅសណ្ឋាគារ Raffles រាជធានីភ្នំពេញ។ បន្ទាប់ពីពិធីទទួលស្វាគមន៍នេះ កម្មវិធីនានានៃ «ព្រឹត្តិការណ៍សិល្បៈវប្បធម៌ កម្ពុជា-ចក្រភពអង់គ្លេស លើកទី១ ឆ្នាំ២០២៣» បានចាប់ផ្ដើមដំណើរការ ដោយមានការគាំទ្រ ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាច្រកម្ពុជា និងក្រសួងវប្បធម៌នៃចក្រភពអង់គ្លេស ជាមួយនឹងវិទ្យាស្ថានតន្ត្រីទីក្រុងឡុងដ៍។

លោកបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា, លោកឧកញ៉ា តឹង ភិពីង ប្រធានសមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ ព្រមទាំងលោកស្រី Helen Wang មកពីវិទ្យាស្ថានតន្ត្រីទីក្រុងឡុងដ៍ បានអញ្ជើញឡើងថ្លែងសុន្ទរកថា ព្រមទាំងបានកោតសរសើរ ជាឯកច្ឆន្ទចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរថា ជាការជួយជំរុញដ៏ខ្លាំងខ្លាសម្រាប់ការអភិវឌ្ឍវប្បធម៌ និងសិល្បៈនៃប្រទេសទាំងពីរ។ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ជេណា ព្រះនាងម្ចាស់នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈជាឯកអគ្គរាជទូតនៃព្រឹត្តិការណ៍សិល្បៈនេះ ក៏បានថ្លែងសុន្ទរកថាផងដែរ។

ក្នុងពិធីទទួលបដិសណ្ឋារកិច្ចនេះ លោកឧកញ៉ា តឹង ភិពីង ប្រធានសមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ បានថ្លែងថា វប្បធម៌សិល្បៈខ្មែរ និងចក្រភពអង់គ្លេស បង្កប់នូវមន្តស្នេហ៍ និងអត្ថន័យយ៉ាងជ្រាលជ្រៅរៀងៗខ្លួន។

លោកបន្តថា «យើងក៏នឹងប្រើប្រាស់សកម្មភាពសិល្បៈដែលមានជាបន្តបន្ទាប់ ដើម្បីរៃអង្គាសបន្ថែមទៀតក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍសិល្បៈ សម្រាប់អ្នកទេពកោសល្យជំនាន់ថ្មី ឱ្យបានសិក្សារៀនសូត្រនិងរីកចម្រើនបន្ថែមទៀត។ ទន្ទឹមនឹងនេះ វាក៏បង្កើតបរិយាកាសឱ្យកាន់តែប្រសើរឡើងក្នុងការផ្លាស់ប្តូរ និងការសិក្សារៀនសូត្រពីសិល្បៈសម្រាប់អ្នកស្រលាញ់វិស័យសិល្បៈវ័យក្មេង និងអ្នកសិល្បៈជាច្រើន»

នៅក្នុងពិធីផ្ទាល់ លោក Julian Lloyd Webber តន្រ្តីករសែលឡូ(Cello) ដែលជាអតីតនាយកសាលានៃរាជបណ្ឌិតសភាតន្ត្រី នៅទីក្រុង Birmingham និងជាអ្នកដឹកនាំក្រុមភ្លេងមកពីចក្រភពអង់គ្លេស លោក Mark Messenger ដែលជាតន្រ្តីករវីយូឡុង អ្នកដឹកនាំក្រុមភ្លេង អ្នកអប់រំ និងជាប្រធានដេប៉ាតាម៉ង់ឧបករណ៍តន្រី្តខ្សែនៃរាជបណ្ឌិត្យសភាតន្ត្រីនៅទីក្រុងឡុង កញ្ញា Elly Suh ជនជាតិកូរ៉េ-អាមេរិកដែលជាអ្នកនិពន្ធ អ្នករៀបរៀងទំនុកភ្លេង និងតន្រ្តីករវីយូឡុង តន្រ្តីករវីយូឡុងថៃល្បីឈ្មោះ លោក Akkrawat និងកញ្ញា Ariya តន្រ្តីករសែលឡូ(Cello)ដ៏ល្បីល្បាញ អ្នកនាង Kanyapas ព្រមទាំងសិល្បករផ្សេងទៀត បានរួមគ្នាសម្តែងជូនភ្ញៀវកិត្តិយស ដែលធ្វើឱ្យបរិយាកាសនៃព្រឹត្តិការណ៍នេះ កាន់តែមានភាពទាក់ទាញ៕