(កំពង់ធំ)៖ ព្រះសត្ថាបារមី សៀង សុខ ព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ ព្រមទាំងលោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បាននិមន្ត និងអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស នៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ នៅវត្តស្រីទូល ក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។

មានសង្ឃដីការ ទៅកាន់ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ លោកអាចារ្យ និងញាតិញោមពុទ្ធបរិស័ទ្ទមន្ត្រីរាជការ នៅក្នុងឱកាសនេះ ព្រះសត្ថាបារមី បានមានសង្ឃដីការថាព្រះពុទ្ធសាសនាបានគង់វង្សរុងរឿងទៅបាន គឺអាស្រ័យដោយសារប្រទេសជាតិយើងមានសុខសន្តិភាពបរិបូរតរៀងទៅ។

ជាមួយគ្នានេះ ព្រះមេគណ បានបន្ថែមថា ពុទ្ធចក្រ និងអាណាចក្រត្រូវតែដើរទន្ទឹមគ្នារីកចំរើនជាមួយគ្នា ហើយប្រជាពុទ្ធបរិស័ទ្ទ ត្រូវគោរពបដិបត្តិពុទ្ធវិន័យតាមពុទ្ធបញ្ញត្តិឲ្យបានខ្ជាប់ខ្ជួនទាំងព្រះសង្ឃ ព្រះគ្រូចៅអធិការ គ្រូសូត្រស្តាំ ឆ្វេង លោកអាចារ្យ គណៈកម្មការវត្តត្រូវ ចេះសហការគ្នា រួបរួមសាមគ្គី ក្នុងការកសាង និងអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងវត្តឲ្យកាន់តែរីកចំរើន ជាពិសេសឲ្យពុទ្ធសាសនាបានគង់វង្សជានិរន្តរ៍ ហើយត្រូវនាំគ្នាខិតខំកសាងធនធាន ព្រះសង្ឃ ដោយខិតខំសិក្សារៀនសូត្រនូវពុទ្ធវចនៈនិងព្រះវិន័យ។

លើសពីនេះព្រះអង្គព្រះសត្ថាបារមី សៀង សុខ ក៏បានកោតសរសើរវិស័យពុទ្ធសាសនាក្នុងស្រុកស្ទោង ដែលមានការរីកចំរើន និងសហការសាមគ្គីគ្នាបានល្អ មិនដែលបង្កឲ្យមាននូវអធិករផ្សេងៗ ដែលនាំឲ្យមានការអាប់ឱនដល់ពុទ្ធសានាឡើយ ក្រោមការដឹកនាំរបស់ព្រះមន្ត្រីសង្ឃ និងលោកអភិបាលស្រុកស្ទោង ហើយព្រះអង្គក៏បាននិមន្ត និងអញ្ជើញព្រះសង្ឃប្រជាពុទ្ធបរិស័ទ សូមស្វែងយល់ និងគោរពទៅតាមខ្លឹមសារសង្ឃប្រកាស នៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំង ប្រទេសលើកទី៣០នេះទាំងអស់គ្នា។

គួរបញ្ជាក់ថា នៅក្នុងស្រុកស្ទោងមានវត្តចំនួន៤៨វត្ត និងព្រះសង្ឃចំនួន៦២៦អង្គ៕