(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តកែប បានថ្លែងបញ្ជាក់ថា គម្រោងតំបន់ឆ្នេរសមុទ្រកែប នឹងប្រែក្លាយខេត្តមួយនេះទៅជាតំបន់ទេសចរណ៍ សម្រាកលម្ហែកម្សាន្តដ៏ប្រណិតកម្រិតខ្ពស់ បរិស្ថានល្អ នាំឲ្យមានកំណើនភ្ញៀវទេសចរជាតិ អន្តរជាតិមកស្នាក់នៅរយៈពេលឆាប់ ឬយូរ។

ការថ្លែងបែបនេះ ខណៈលោកអភិបាលខេត្ត ចូលរួមជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) និងសេចក្តីព្រាងប្រតិទិនការងារកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិក សមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តជាច្រើនរូប។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្រោយគម្រោងតំបន់ឆ្នេរសមុទ្រកែប ត្រូវបានកសាងរួចរាល់អស់ហើយ នោះនឹងមានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ នឹងមកកម្សាន្តលំហែកាយលេងកាន់តែច្រើនឡើងថែមទៀត ទៅថ្ងៃអនាគត ដែលទាំងនេះ​មកពីមានការចូលរួមធានាពាក់ព័ន្ធសន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អ ប្រជាពលរដ្ឋគោរពច្បាប់ សុខុមាលភាព សមភាពយេនឌ័រ សីលធម៌រស់នៅថៃ្លថ្នូរ វប្បធម៌រុងរឿង។ល។ ទាំងអស់នេះ ក៏ជាការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើងបានលឿនផងដែរ។

លោកអភិបាលខេត្ត បន្តបញ្ជាក់ថា ក្រោយពីទទួលបានការពិនិត្យ និងផ្តល់យោបល់ដោយគណៈអភិបាលខេត្តរួចមក គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងផ្តល់យោបល់លើ សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) និងសេចក្តីព្រាងប្រតិទិនការងារកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៦) របស់រដ្ឋបាលខេត្ត ឱ្យមានភាពច្បាស់លាស់ ត្រឹមត្រូវ កំណត់គោលដៅ ដើម្បីឆ្លើយតបទៅនឹងក្របខ័ណ្ឌ អភិវឌ្ឍន៍ឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។

លោក គង់ សាវ៉ាត ប្រធានមន្ទីរផែនការខេត្ត បានលើកឡើងថា ដោយអនុវត្តន៍តាមសេចក្ដីណែនាំបច្ចេកទេស ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំ រំកិលខេត្តកែប បានរៀបចំបញ្ចប់ជាស្ថាពរនូវសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្ត ដែលមានខ្លឹមសារទម្រង់មាតិកាត្រឹមត្រូវ តាមការកំណត់ក្នុងសេចក្តីណែនាំ និងបានត្រួតពិនិត្យ កែសម្រួលជាបន្តបន្ទាប់ជាមួយភាគីពាក់ព័ន្ធ។ នៅក្នុងរបាយការណ៍ដែលបានរាយការណ៍នេះ ក៏មានបញ្ជាក់ពីចំនួនគម្រោងអាទិភាពដែលមានថវិកាសម្រាប់គាំទ្រអនុវត្ត និងគម្រោងសកម្មភាព ដែលមិនទាន់មានថវិកាគាំទ្រ អនុវត្តផងដែរ៕