(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។

លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ និងគណៈប្រតិភូ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ត្រូវបានរំពឹងថា នឹងនាំមកផ្លូវផ្លែផ្កាជាឧត្តមប្រយោជន៍ សម្រាប់ជាតិ និងប្រជាជន។

មុនអញ្ជើញអមដំណើររបស់សម្តេចតេជោ ឆ្ពោះទៅកាន់ប្រទេសចិន លោក ស្រ៊ី ថាមរុង្គ បានប្រាប់ក្រុមអ្នកព័ត៌មានថា ពេលអញ្ជើញដល់ប្រទេសចិន នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ នេះ សម្តេចតេជោ នឹងអនុញ្ញាតឱ្យមានការជួបសម្តែងការគួរសម និងពិភាក្សាការងារពីសំណាក់អ្នកវិនិយោគរបស់ចិន ដែលកំពុងវិនិយោគនៅកម្ពុជា។ ក្នុងនោះមានក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានរបស់ចិនផងដែរ។

បើតាមលោក ស្រ៊ី ថាមរុង្គ ក្នុងជំនួបនោះ អាចនឹងជជែកពាក់ព័ន្ធគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿននៅកម្ពុជាផងដែរ។

ដោយឡែកនៅថ្ងៃទី១០ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និង លោក លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន។ ក្រោយជំនួបពិភាក្សាការងារ លោក ស៊ី ជីនពីង នឹងរៀបចំអាហារពេលថ្ងៃត្រង់កម្រិតខ្ពស់ជូនសម្តេចតេជោ និងគណៈបត្រិភូ។

នៅពេលរសៀលថ្ងៃដដែលសម្តេចតេជោ នឹងជួបពិភាក្សាការងារជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។ បន្ទាប់មកសម្តេចតេជោ និងលោក លី ខឺឈាង នឹងអញ្ជើញជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើពិធីសារសំខាន់ៗចំនួន១២។ ពិធីសារនោះ មានវិសាលភាពគ្របដណ្តើមលើទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យដទៃទៀត។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិននាពេលនេះ ត្រូវបានរំពឹងថា នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។

ប្រតិភូអមដំណើរសម្តេចតេជោ ទៅកាន់ប្រទេសចិននាពេលនេះរួមមាន៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមជាមួយកូនប្រុស ២នាក់របស់សម្តេចតេជោ គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ព្រមទាំង ប្រតិភូជាន់ខ្ពស់មួយចំនួនទៀត។

យោងតាមការកត់ត្រារបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅកាន់ប្រទេសចិន ចំនួន ១៤លើកហើយ រាប់ចាប់តាំងពីឆ្នាំ១៩៩៩មក។ ក្នុងនោះទស្សនកិច្ចផ្លូវការចំនួន ៦លើក និងទស្សនកិច្ចដើម្បីបំពេញការងារផ្សេងៗចំនួន៨លើក៕