(កំពង់ធំ)៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី រួមជាមួយអាជ្ញាធរដែនដី បាននាំយកអំណោយស្បៀងអាហារជំនួយឧបត្ថម្ភរបស់អង្គការ រ៉ុកហ្វោនដឺសុន ខេមបូឌា ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន២៥០គ្រួសារ ដែលបានអញ្ជើញមកពីឃុំបន្ទាយស្ទោងចំនួន១៥០គ្រួសារ និងឃុំរុងរឿងចំនួន១០០ គ្រួសារ ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តបទុម ស្ថិតនៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានឡើងមានមតិស្វាគមន៍ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររបស់ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ ដែលបាននាំយកនូវអំណោយសប្បុរសធម៌ របស់អង្គការរ៉ុកហ្វោនដឺសុន ខេមបូឌា ឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត នៅក្នុងឃុំបន្ទាយស្ទោង និងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំនៅពេលនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែង​អំណរគុណ​ដ៏ជ្រាលជ្រៅចំពោះអង្គការរ៉ុកហ្វោនដឺសុន ខេមបូឌា ដែលបានជួយឧបត្ថម្ភស្បៀងអាហារដល់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន២៥០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាននូវអង្ករចំនួន ២០គីឡូក្រាម មីជាតិចំនួន១កេស និងត្រីខចំនួន១យួរ ផងដែរ ហើយកន្លងមកអង្គការរ៉ុកហ្វោនដឺសុនខេមបូឌា ក៏បានជួយឧបត្ថម្ភអណ្ដូងទឹកជាច្រើនកន្លែងនៅក្នុងឃុំបន្ទាយស្ទោង និងស្បៀងអាហារជាច្រើនគ្រួសាររួចមកហើយ ដេីម្បី​សម្រាល​បន្ទុក​របស់​រាជរដ្ឋាភិបាល​ ពិសេស​ក្នុងពេលដែលប្រជាជនយេីងរងផលប៉ះពាល់ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងត្រូវបន្តចូលរួមអនុវត្ត នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ ដើម្បីភាពសុខសាន្តនៅក្នុងមូលដ្ឋានភូមិ.ឃុំរបស់យើង។

ជាមួយនោះដែរ លោកបាន​អំពាវ​នាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវត្រៀមខ្លួន និងឯកសារគ្រប់គ្រាន់ដើម្បីទៅបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ជូន​គណបក្ស​នយោបាយ​ណាមួយ​ដែល​បាន​ថែរក្សា​ការពារ​ប្រទេសជាតិយើងរឲ្យទទួលបាននូវសុខសន្តិភាព​ និងការអភិវឌ្ឍន៍៕