(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បដិសេធទាំងស្រុង រាល់ការចោទប្រកាន់ទាំងអស់ ដែលគ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ ប្រាសចាកពីការពិត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា នាពេលថ្មីៗកន្លងមកនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានជនអនាមិកប្រើប្រាស់សារព័ត៌មាន និងបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយបំផ្លើសបំភ្លឺ ធ្វើឲ្យមានការប៉ះពាល់ដល់ដំណើរការ នៃការអនុវត្តការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាស្ថាប័នរបស់រាជរដ្ឋាភិបាល។

ក្រសួងអភិវឌ្ឍន៍ជនបទ សូមធ្វើការបដិសេធទាំងស្រុងរាល់ការចោទប្រកាន់ទាំងអស់ដែលគ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ប្រាសចាកពីការពិត មានចេតនាមួលបង្កាច់ញុះញង់បង្ក ឲ្យមានការភាន់ច្រឡំដល់សាធារណជន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ក្រសួង។

កន្លងមកនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ សំដៅលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយ បរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងម៉ឺងម៉ាត់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាក់ស្តែង ក្រសួងបានខិតខំធ្វើការតភ្ជាប់ផ្លូវគមនាគមន៍ទៅគ្រប់ច្រកល្ហកនៅតំបន់ជនបទ ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។ ផ្លូវជនបទទាំងឡាយត្រូវបានស្ថាបនាថ្មី ជួសជុល កែលម្អ និងលើកកម្រិតប្រែក្លាយពីផ្លូវដីស ទៅជាផ្លូវក្រាលក្រួសក្រហម ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង។ បន្ថែមលើនេះ តំបន់ជំនបទ បានគ្របដណ្តប់ទៅដោយភូមិឃុំ មានបរិស្ថានរស់នៅស្អាតបាត ទទួលបានសេវាចាំបាច់ជាច្រើន ដែលជាផ្នែកមួយជួយជំរុញ ឲ្យមានរបៀបរស់នៅបែបទំនើប។

តាមការវាយតម្លៃ គិតដល់ដំណាច់ឆ្នាំ២០២២នេះ ប្រជាជនជនបទប្រមាណជាង ៨០% ទទួលបានទាំងទឹកស្អាតប្រើប្រាស់ និងអនាម័យល្អ។ ផ្អែកលើលក្ខខណ្ឌអំណោយសម្រាប់ការរស់នៅនេះ ប្រជាជននៅតំបន់ជនបទមានឱកាសប្រកបមុខរបរបន្ថែម និងផ្តល់សេវាកម្មនានាដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ក្រៅពីការធ្វើស្រែចំការ។

លទ្ធផលដែលសម្រេចបានខាងលើនេះ ផ្តើមចេញពីឆន្ទៈដ៏មោះមុតក្នុងការខិតខំប្រឹងប្រែងអនុវត្តការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដោយផ្អែកលើការគោរពច្បាប់ បទបញ្ជ គោលនយោបាយ និងយន្តការជាធរមានបានត្រឹមត្រូវ និងម៉ត់ចត់។

ក្រសួងនឹងបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យបានកាន់តែសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្រសួងអភិវឌ្ឍន៍ជនបទ សង្ឃឹមថា សាធារណជនទាំងអស់ នឹងមេត្តាទទួលជ្រាបប្រកបដោយសុភវិនិច្ឆ័យ៕