(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគិតពីឆ្នាំ២០១៨ ដល់ត្រីមាសទី១ ឆ្នាំ២០២៣ នៅខេត្តកំពង់ស្ពឺ បានបញ្ចូលទិន្នន័យក្បាលដីសម្រេចបានចំនួន ១៣១,៦៥៩ក្បាលដី។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ» នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក វ៉ី សំណាង បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីជាប្រព័ន្ធនេះ កំពុងបិទផ្សាយជាសាធារណៈចំនួន១១៤,០៩៥ក្បាលដី និងបានចែកប័ណ្ណជូនប្រជាពលរដ្ឋចំនួន៨២,៥០៣ប័ណ្ណ។

លោកអភិបាលខេត្តបានបន្ដទៀតថា ក្នុងនោះដីរដ្ឋដែលបានចុះបញ្ជីលក្ខណៈជាប្រព័ន្ធ មានចំនួន១,៣៦៨ក្បាលដី (បានចេញប័ណ្ណចំនួន១,៣៥២ក្បាលដី, កំពុងដំណើរការចុះបញ្ជីចំនួន១៦ក្បាលដី។

ដោយឡែក ការងារចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ ត្រូវបានលោក វ៉ី សំណាង បញ្ជាក់ថា បច្ចុប្បន្នសម្រេចបានចំនួន១,៥២១ក្បាលដី, ការចុះបញ្ជីដីរដ្ឋ សម្រេចបានចំនួន៩៨ក្បាលដី, ការចុះបញ្ជីសិទ្ធិជួលអចិន្ត្រៃយ៍បានចំនួន០៣ក្បាលដី, ការចេញលិខិត អនុញ្ញាតសាងសង់ចំនួន១០១ក្បាលដី និងការអភិវឌ្ឍដីចំនួន៧៥គម្រោង។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់អំពី ការងារសម្បទា​នដីសេដ្ឋកិច្ចផងដែរ ដោយនៅខេត្ដកំពង់ស្ពឺ មានក្រុមហ៊ុនវិនិយោគលើសម្បទានដីសេដ្ឋកិច្ចចំនួន១៩ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនដែលបានចុះបញ្ជី១០ក្រុមហ៊ុន ដាក់ពាក្យស្នើសុំចុះបញ្ជី ចំនួន៦ក្រុមហ៊ុន ចេញប័ណ្ណ ចំនួន១០ក្រុមហ៊ុន និងត្រៀមបោះបង្គោលព្រំ ចំនួន៦ក្រុមហ៊ុន ដែលមានផ្ទៃដីវិនិយោគសរុបចំនួន១០២,២០៧ហិកតា។

ក្នុងនោះបានឈូសឆាយចំនួន ៦៥,៤៩៤.៦៤ហិកតា ផ្ទៃដីដាំដុះសរុបចំនួន ៣៦,៩៦៣.០៩ហិកតា ក្នុងនោះមាន អំពៅចំនួន២២,២១២.២៥ហិកតា ស្វាយចំនួន២,០៩៨ហិកតា កៅស៊ូចំនួន ២៣៤ហិកតា ម៉ៃសាក់ចំនួន ៤,៦៧៦.៤៧ហិកតា អាកាស្យាចំនួន៤៣០.៩៨ហិកតា ស្វាយចន្ទីរចំនួន១៨៨.៨៩ហិកតា ស្មៅ+ចេក ចំនួន៣១៣.០៧ហិកតា ប្រេងខ្យល់ចំនួន ១,៣១៨.៨៦ហិកតា ស្រូវចំនួន២០ហិកតា ដូងចំនួន១០ហិកតា ល្មើចំនួន១០ហិកតា ដំឡូងមី៥,៣៦៥ហិកតា និងដំណាំរួមផ្សំ ៣៨.៤៨ហិកតា៕