(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំដល់ចៅសង្កាត់ព្រែកថ្មី ដែលទើបប្រកាសចូលកាន់តំណែង ត្រូវខិតខំបំពេញការងារបំរើប្រជាពលរដ្ឋ ដែលបានគាំទ្រដល់លោកចៅសង្កាត់ ឲ្យឡើងចូលកាន់តំណែងជាចៅសង្កាត់ព្រែកថ្មី ជំនួសលោក លីវ វណ្ណថេង អតីតចៅសង្កាត់ព្រែកថ្មី ដែលបានដាក់ពាក្យលាឈប់ និងផ្ទេរភារកិច្ចថ្មី។

ពិធីប្រកាសផ្លាស់ប្តូរ និងទទួលស្គាល់ប្រធានក្រុមប្រឹក្សា និងជាចៅសង្កាត់ព្រែកថ្មី ចូលកាន់តំណែងជាផ្លូវការនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ។

យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំង លោកស្រី វ៉ា សារិន ជាចៅសង្កាត់ព្រែកថ្មី ជំនួសលោក លីវ វណ្ណថេង ដែលបានដាក់ពាក្យលាឈប់ និងផ្ទេរភារកិច្ចទៅកាន់តំណែងថ្មី។

មានមតិសំណេះសំណាល និងផ្តាំផ្ញើនៅក្នុងអង្គពិធី លោក ចេង មុនីរ៉ា បានដាក់ចេញនូវញ្ញាសារ ចំនួន៤ សំខាន់ៗ ដល់លោកស្រីចៅសង្កាត់ព្រែកថ្មី ដែលទើបចូលកាន់តំណែង ឲ្យខិតខំអនុវត្ត ក្នុងគោលដៅបំរើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ទី១៖ ត្រូវខិតខំបំរើសេវាជូនប្រជាពលរដ្ឋ ទាំងសេវ៉ាសំណូមពរ និងសេវ៉ាតម្រូវការចាំបាច់ និងត្រូវរួមគ្នាអនុវត្តបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង គ្រប់ប្រភេទ ដូចជាល្បែងជល់មាន់ បៀ អាប៉ោង កន្ទុយលេខ ឡូតូ និងល្បែងតាមអនឡាញជាដើម។ ត្រូវខិតខំផ្សព្វផ្សាយឲ្យបានទូលំទូលាយ ក្នុងការផ្តលសេវាមូលដ្ឋានជូនប្រជាពលរដ្ឋ ដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងហួសកាលបរិច្ឆេទ រួមទាំងផ្តល់សេវ៉ាលើឯកសារអត្រានុកូលដ្ឋាន។

ទី២៖ រួមទប់ស្កាត់ការសាងសង់សំណង់ផ្សេងៗ ដែលរំលោភយកដីចំណីទន្លេ បឹងបួរ ព្រែក ប្រឡាយ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យបានប្រសើរឡើងថែមទៀត ការប្រកបមុខរបររកស៉ីទទួលទានប្រចាំថ្ងៃ មិនហ៊ានឃាត់ទេ តែសូមឲ្យបងប្អូនកុំដាក់តាំងលក់របស់របរផ្សេងៗ ដីចំណីផ្លូវសាធារណៈ។

ទី៣៖ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយពីគុណតម្លៃដ៏មហាសាល ដល់មហាជនទូទៅគឺ អត្ថន័យ នៃសន្តិភាព ដែលយើងមានសព្វថ្ងៃនេះ ដោយសារប្រទេសជាតិយើងមានសន្តិភាព ទើបមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ យើងត្រូវរួបរួមគ្នាថែរក្សាការពារ សន្តិភាព។

ទី៤៖ ត្រូវរួមគ្នារក្សាប្រព័ន្ធប្រឡាយ និងស្តាប្រឡាយដើម្បីស្តុកទឹក ទុកសម្រាប់ស្រោចដំណាំបងប្អូនប្រជាពលរដ្ឋ។

លោកអភិបាលខណ្ឌ បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការផ្តល់ព័ត៌មានពីសកម្មភាពក្មេងទំនើង ទីកន្លែងលួចសេព និងប្រើប្រាស់គ្រឿងញៀន និងសកម្មភាពល្មើសផ្សេងទៀត យើងត្រូវរួមគ្នា អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធិភាព។

លោកថា ការងារសន្តិសុខនេះ ជាកត្តាសំខាន់ណាស់ ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមាន ឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា៕