(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី កូនប្រុសសម្តេចតេជោ ហ៊ុន សែន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចេញរិះគន់ លោក សម រង្ស៉ី តាមបណ្តាញសង្គម ដែលបានវាយប្រហារដោយគ្មានសីលធម៌ចំពោះម្តាយមីងរបស់លោក គឺលោកស្រី ហ៊ុន សុថា ទោះបីជាលោកស្រីទទួលមរណភាពហើយក្តី។

តាមរយៈបណ្តាញសង្គម លោក ហ៊ុន ម៉ានី បានលើកឡើងថា៖ «ពេលគ្រួសារគេមានទុក្ខ ខ្ញុំ តំណាងឱ្យក្រុមគ្រួសារខ្ញុំ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ។ តែពេលក្រុមគ្រួសារខ្ញុំមានទុក្ខ គេប្រមាថ និងយកចំណេញនយោបាយ»

ប្រតិកម្មរបស់ លោក ហ៊ុន ម៉ានី បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី ជាអ្នកនយោបាយក្រៅច្បាប់ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបំភ្លៃព័ត៌មានលើ លោកស្រី ហ៊ុន សុថា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ការមួលបង្កាច់បង្ខូចកិត្តិយស បានធ្វើឡើងបន្ទាប់ពី លោកស្រី ហ៊ុន សុថា ទទួលមរណភាព ដែលនាំឱ្យមានមតិរិះគន់យ៉ាងខ្លាំងក្លាទៅលើ លោក សម រង្ស៉ី វិញថាជាអ្នកនយោបាយគ្មានសីលធម៌។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ គ្រាដែល ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ ដែលជាម្តាយបង្កើតរបស់ លោកស្រី ជូឡុង សូមួរ៉ា និងត្រូវជាម្តាយក្មេករបស់ លោក សម រង្ស៉ី ទទួលមរណភាពនោះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតបង្ហាញពីការតក់ស្លត់សោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ខណៈដែល លោក ហ៊ុន ម៉ានី ក៏បានធ្វើជាតំណាងក្រុមគ្រួសារ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ ដោយផ្ទាល់។

តាមរយៈបណ្តាញសង្គមដដែលនេះ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ទៀតថា៖ «វប្បធម៌ សីលធម៌ សាសនា និងទំនៀមទម្លាប់ប្រពៃណី ជាអ្វីដែលក្រុមគ្រួសារខ្ញុំប្រកាន់ខ្ជាប់ មិនមែនអ្វីៗសុទ្ធតែនយោបាយនោះទេ»

សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏បានចាត់ទុកការព្យាយាមបំភ្លៃព័ត៌មានរបស់ក្រុមប្រឆាំង សម រង្ស៉ី មកលើ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង លោកស្រី ហ៊ុន សុថា គឺជាទង្វើគ្មានសារជាតិជាមនុស្ស។

សម្ដេចលើកឡើងថា៖ «មុននេះបន្តិចក្រុមអាក្រក់នៅក្រៅប្រទេសថា ភរិយាខ្ញុំកំពុងមានជំងឺជាទម្ងន់ក្នុងពេលដែលភរិយាខ្ញុំ មិនបានឃ្លាតឆ្ងាយពីប្អូនស្រីតាំងពីមុនចែកឋានរហូតមកនៅក្នុងក្តារម្ឈូស។ ខ្ញុំចង់ប្រាប់ទៅជនអាក្រក់ថា បើមេរបស់អ្នកអាក្រក់សូមអ្នករក្សាខ្លួនជាមនុស្ស និងខិតខំរក្សាសុខភាពរបស់អ្នកជាជាងមករករឿងគ្រួសារខ្ញុំ។ ពិតជាអាក្រក់កែមិនបានទាំងមេទាំងកូន ដែលគ្មានសារជាតិជាមនុស្សសោះ»