(ពោធិ៍សាត់)៖ លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកស្រូវពូជជំហាន២ របស់រាជរដ្ឋាភិបាល មកប្រគល់ជូនប្រជាកសិកររងគ្រោះ ដោយជំនន់ទឹកភ្លៀងរដូវប្រាំង ចំនួន៩០៥គ្រួសារ ក្នុងឃុំស្យា ឃុំអន្លង់វិល និងឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាបឋមសិក្សា ៧ មករា កញ្ជរ ដោយបានការចូលរួមពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត, លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករជាច្រើនរូប។

ថ្លែងក្នុងឱកានោះ លោក​ ខូយ រីដា និងលោក ឡាំ ហេងហួត បាននាំមកនូវការផ្តាំផ្ញើ និងសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចការតែងតែផ្តោតការយកចិត្តទុកដាក់ គិតគូដោះស្រាយអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

ជាក់ស្តែងនាថ្ងៃនេះស្របពេលដែលប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀងរដូវប្រាំង បាននាំយកស្រូវពូជ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មកចែកជូនប្រជាពលរដ្ឋទាំង៩០៥គ្រួសារ មកពីឃុំស្យា ឃុំអន្លង់វិល និងឃុំកញ្ជរ ស្រុកណ្តៀង ខណៈដែលក្រុមការងារបានចុះពិនិត្យ និងវាយតម្លៃ អំពីផលប៉ះពាល់ និងការខូចខាតស្រូវនាពេលកន្លងមកនេះ។

ថ្នាក់ដឹកនាំទាំង២បានជម្រាបជូនថា កន្លងមកធ្លាប់តែមានជំនន់ទឹកភ្លៀងនារដូវវស្សា ប្លែកតែឆ្នាំនេះ ខេត្តពោធិ៍សាត់ និងបណ្តាខេត្តមួយចំនួនទៀត បានទទួលរងប៉ះពាល់ជំនន់ទឹកភ្លៀងនារដូវប្រាំងទៅវិញ នេះគឺដោយសារការប្រែប្រួលអាកាសធាតុ។ ជាការពិតណាស់ថា ជំនន់ទឹកភ្លៀងរដូវប្រាំងនេះ ធ្វើឱ្យតំបន់មួយចំនួនបានបង្ករការលិចលង់ខូចខាតផលដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ក៏​ប៉ុន្តែនៅតាមតំបន់មួយចំនួនទៀត មានទឹកគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ ដែលកន្លងមកមានឃុំមួយចំនួន នៅក្នុងស្រុកបាកានក៏ជួបបញ្ហាប្រឈមកង្វះខាតទឹកស្រោចស្រពស្រូវរដូវប្រាំង និងសត្វពាហនៈ តែឥឡូវនេះទូទាំងខេត្តមានទឹកគ្រប់គ្រាន់មិនខ្វះទឹកទៀតឡើយ។

លោក​សូមឲ្យប្រជាពលរដ្ឋយល់ឃើញថា ក្នុងរយៈ៤៤ឆ្នាំកន្លងមក ប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ដូចនេះសូមបន្តការគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងចូលរួមថែរក្សាសន្តិភាព ស្ថេរភាពឱ្យបានយូរអង្វែង។ ជាងនេះទៅទៀតគប្បីយកចិត្តទុកដាក់ បញ្ហាសុខភាពឲ្យបានល្អ តាមរយៈហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូក៏បានបន្តចុះពិនិត្យការងារប្រមូលផលស្រូវស្តាឡើងវិញ លើកទី១ របស់ប្រជាកសិករក្នុងឃុំកញ្ជរ ស្រុកកណ្តៀង ក្រោយពីទទួលបានស្រូវពូជ (OM5451) ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីពេលកន្លងទៅ ព្រមទាំងបន្តចុះពិនិត្យទីតាំងការដ្ឋានទប់ច្រាំងស្ទឹង ដែលបានបាក់ស្រុតកន្លងមក ត្រង់ចំណុចផ្លូវយាយអាន ស្ថិតក្នុងឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ផងដែរ៕