(ស្វាយរៀង)៖ ប្រជាពលរដ្ឋនៅតំបន់ព្រំដែនចំនួន១២០គ្រួសារ ទទួលបានអំណោយពីលោក លីម គឹមសេង អគ្គនាយកក្រុមហ៊ុនឡាក់គី៨៩ និងរ៉ូប៊ី ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ស្ថិតនៅក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ពិធីចែកអំណោយដល់ប្រជាពលរដ្ឋនេះ មានការចូលរួមពីលោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ លោកមេឃុំ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោក លីម គឹមសេង បានថ្លែងថា «ខ្ញុំស្រឡាញ់ប្រជាពលរដ្ឋខ្មែរ ដូចប្រជាពលរដ្ឋខ្ញុំដែរ ព្រោះការគោរពប្រតិបត្តិព្រះពុទ្ធសាសនាដូចគ្នា ហើយកម្ពុជាមានសុខសន្តិភាពពេញលេញ ប្រកបដោយ ស្នាមញញឹម និងសេចក្តីសង្ឃឹម ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា»។
លោក លីម គឹមសេង បានរំលឹកថា រយៈកាលកន្លងមក លោក និងក្រុមការងារ តែងតែចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបាន រកការងារជូនប្រជាពលរដ្ឋខ្មែរមានការងារធ្វើ ហើយទទួលបានប្រាក់បៀវត្សសមរម្យ។
បន្ថែមលើសពីនេះក៏បានជួយដល់អាជ្ញាធរភូមិឃុំស្រុកផងដែរ។ ជាក់ស្តែងនៅថ្ងៃនេះ បានចែកជូនអំណោយដល់បងប្អូនប្រជាពលរដ្ឋ ក្រីក្រចំនួន១២០គ្រួសារ និងឧបត្ថម្ភដល់លោកនាយកសាលាចំនួន៧សាលា និងព្រះសង្ឃចំនួន៥ វត្តបន្ថែមទៀត ហើយក៏បានកសាងផ្លូវលំ សាលារៀន ទីអារាមវត្ត សង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រមួយចំនួននៅក្នុងស្រុកកំពង់រោទិ៍។
លោកបានបញ្ជាក់ថា ការចែកអំណោយដល់ពលរដ្ឋក្រីក្រនៅតំបន់ព្រំដែននេះ មិនមែនជាលើកទី១នោះទេ ក្រុមហ៊ុនលោកតែងតែធ្វើពិធីចែកទានជារៀងរាល់ឆ្នាំ។
លោកបានផ្តាំផ្ញើបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ជូនកូនៗ ទៅសាលារៀនដើម្បីបានសិក្សារៀនសូត្រឲ្យបានគ្រប់ៗគ្នា ព្រោះមានតែចំណេះដឹងទេដែលអាចប្រែក្លាយវាសនា អនាគតឲ្យល្អប្រសើរបាន។ ព្រមជាមួយគ្នានេះ សូមថែរក្សាសុខភាពឲ្យបានល្អហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាតពិសារទឹកដាំពុះ ហូប ស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារ ជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ៕