(កំពង់ធំ)៖ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ មានការយល់ដឹងបន្ថែមទៀតស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងជំរុញឱ្យមានការគោរពច្បាប់ចរាចរណ៍ ឱ្យកាន់តែប្រសើរឡើង។

លោកបានអំពាវនាវ ក្នុងវគ្គបណ្តុះបណ្តាល «សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដល់សមាជិកសមាជិកា ស.ស.យ.ក តាមបណ្តាអង្គភាពមន្ទីរ និងក្រុងស្រុក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។ កម្មវិធីនេះមានការចូលរួមពីលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ និងលោក អេង រស់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងសមាជិកសមាជិកា ស.ស.យ.ក ប្រមាណ១០០នាក់។

លោកបានលើកឡើងថា ពីមួយថ្ងៃទៅមួយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើនឥតឈប់ឈរ នេះបណ្ដាលមកពីកង្វះការប្រុងប្រយ័ត្ន មិនអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក មិនគោរពសិទ្ធិអាទិភាព ជាពិសេសមិនគោរព ច្បាប់ចរាចរណ៍តែម្ដង ហើយបច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមដ៏ធំរបស់ជាតិ ដោយសារតែចំនួនអ្នកស្លាប់ និងករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ។

លោកបន្តថា គ្រោះថ្នាក់ចរាចរណ៍ ជាមហន្តរាយមួយដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ របួស ឬពិការ និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើន។ ករណីនេះបានបង្កនូវផលប៉ះពាល់ និងការរំខានដល់ការខិតខំ ប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ក្នុងការជំរុញល្បឿនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ដោយសារតែប្រជាពលរដ្ឋ ដែលជាសាច់ញាតិរបស់ជនរងគ្រោះត្រូវជួបទុក្ខសោក និងការលំបាកក្នុង ការបាត់បង់ឪពុក ម្ដាយ កូន ចៅ បងប្អូន មិត្តភក្តិ បាត់បង់ប្រាក់កាស និងពេលវេលា ដើម្បីព្យាបាលរបួស និងជួសជុលមធ្យោបាយសម្ភារ ដែលខូចខាតដោយគ្រោះថ្នាក់ ចរាចរណ៍ហើយការបាត់បង់នេះ នាំឱ្យមានការខាតបង់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិអស់រាប់រយលានដុល្លារក្នុងមួយឆ្នាំៗ។

លោកបន្តថា «បើសិនជាពុំមានគ្រោះថ្នាក់ចរាចរណ៍ យើងអាចយកថវិកាដែលខាតបង់នេះទៅសាងសង់ផ្លូវស្ពាន សាលារៀន មន្ទីរពេទ្យ បានយ៉ាងច្រើន។ ចំណែកជនរងគ្រោះដែលបានស្លាប់ ឬរងរបួស ពិការដោយគ្រោះ ថ្នាក់ចរាចរណ៍ គឺអាចជាសិស្ស និស្សិត មន្ត្រីរាជការ ដែលជាកម្លាំងពេញពលកម្មក្នុង ការចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកិច្ចអភិវឌ្ឍនសេដ្ឋកិច្ច និងសង្គមបាន យ៉ាងមានប្រសិទ្ធភាព។ ហេតុដូចនេះ ការយកចិត្តទុកដាក់អំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺជាការចាំបាច់ចំពោះមុខ និងមានសារៈសំខាន់បំផុតដើម្បីធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវគ្រោះមហន្តរាយដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍នេះ»។

នេះបញ្ជាក់ឱ្យឃើញថា គឺជាការខិតខំយកចិត្តទុកដាក់របស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថា្នក់ជា ពិរសសអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ជារួមគ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈមចំពោះការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ សុខមាលភាព ប្រជាពលរដ្ឋ និងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ នេះជាការបញ្ជាក់ប​ន្ថែមរបស់លោក៕