(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា នៅថ្ងៃ០៣ ខែមីនា ឆ្នាំ២០២៣ បានថ្លែងថា សព្វថ្ងៃកម្ពុជាមានមន្ត្រីការទូតជាស្រ្តី ចំនួន ៣៨,៦៥% នៃមន្រ្តីសរុប។
ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តែងបានយកចិត្តទុកដាក់លើកទឹកចិត្ត ក៏ដូចជាផ្តល់តម្លៃស្មើភាពដូចបុរស ស្របតាមសមត្ថភាព អតីតភាព និងគុណវុឌ្ឍិ៍ ទាំងការទទួលបាននូវតួនាទី និងមុខតំណែង រួមទាំងការចាត់តាំងឲ្យទៅបំពេញការងារនៅក្រៅប្រទេស។
លោក ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា «គិតមកទល់នឹងពេលនេះ យើងមានមន្ត្រីការទូតជាស្រ្តីចំនួន ២៨៨នាក់ ស្មើនឹង ៣៨,៦៥% នៃមន្រ្តីសរុបចំនួន ៧៤៥នាក់។ តួលេខនេះ គឺជាសូចនាករបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការជំរុញការលើកកម្ពស់សមភាពយេនឌ័រ»។
លោកបានថ្លែងទៀតថា មន្ត្រីការទូតជាស្ត្រីភាគច្រើនមានបន្ទុកធ្ងន់ជាងបុរស ដែលម្ខាងត្រូវធ្វើកិច្ចការផ្ទះ មើលថែរក្សាកូន ម្ខាងទៀតត្រូវបំពេញកិច្ចការជូនក្រសួងឲ្យមានប្រសិទ្ធភាព និងជាពិសេស ដើម្បីសម្រេចបំណងក្លាយជាមន្ត្រីការទូតដ៏ល្អ និងប្រកបដោយជោគជ័យ។ កន្លងមក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកទឹកចិត្តដល់មន្ត្រីការទូតជាស្វាមី និងភរិយាមួយចំនួន ឲ្យទៅបំពេញបេសកកម្មការទូតនៅក្នុងប្រទេសតែមួយ ដើម្បីអាចរក្សាគ្រួសារឲ្យបានជុំគ្នាផងដែរ តាមតែអាចធ្វើទៅបាន។
បើតាមលោកប្រមុខការទូត ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងតែរៀបចំការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការសំខាន់ៗ ក្នុងគោលបំណងបង្កើនភាពអង់អាចរបស់ស្ត្រី ជាពិសេស ដើម្បីឈានទៅសម្រេចបាននូវសមភាពយេនឌ័រ។ សម្រាប់ប្រធានបទ ឆ្នាំ២០២៣នេះ គឺ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» សម្រិតសម្រាំងដោយក្រសួងកិច្ចការនារី សម្រាប់អបអរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា គឺឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងបរិបទបច្ចុប្បន្ន ដោយបានគូសបញ្ជាក់យ៉ាងច្បាស់ អំពីសារៈសំខាន់របស់ស្ត្រី ក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ៕