(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBSTមួយខ្សែ ទទឹងប្រវែង ៦ម៉ែត្រ បណ្ដោយប្រវែង ១៣គីឡូម៉ែត្រ ចេញពីឃុំបឹងណាយ ទៅឃុំក្រូច ក្នុងស្រុកព្រៃឈរ។

សំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម បានថ្លែងថា ផ្លូវមួយខ្សែដែលត្រូវបើកការដ្ឋានស្ថាបនានាពេលនេះ គឺជាជំនួយរបស់រាជរដ្ឋាភិបាល ផ្ដល់ថវិកាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទុកជាចំណងដៃ និងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ជូនដល់ប្រជាពលរដ្ឋរបស់យើង ជាពិសេសប្រជាពលរដ្ឋក្នុងឃុំបឹងណាយ និងឃុំក្រូច ក្នុងស្រុកព្រៃឈរនេះតែម្តង។

លោកអភិបាលខេត្ត បានបន្តថា ផ្លូវមួយខ្សែនេះ ក្រោយពេលស្ថាបនារួច គឺពិតប្រាកដណាស់ និងក្លាយសរសៃឈាមសេដ្ឋកិច្ច ដែលអាចលើកស្ទួយកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋយើង តាមរយៈការប្រើប្រាស់ផ្លូវនេះដូចជា សម្រួលដល់ការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ និងលើកកម្ពស់ស្រុកខ្មែលភាពសង្គម ព្រោះផ្លូវស្អាត ដែលជាការទាក់ទាញនូវភ្ញៀវទេសចរណ៍ ក៏ដូចជាការទាក់ទាញនូវមិត្តភក្ត្រ សាច់ញាតិបងប្អូន ងាយស្រួលក្នុងការធ្វើដំណើរ មកជួបជុំគ្នាក្នុងស្រុកកំណើត និងនាំមកនូវការអភិវឌ្ឍន៍មុខរបរ ពីព្រោះតំបន់នេះ អាចនិយាយបានថាជាតំបន់ទេសចរណ៍ ដោយភ្ជាប់ជាមួយតំបន់ទឹកឆា និងតំបន់រមណីយដ្ឋានមួយចំនួនទៀតនៅទីនេះផងដែរ។

អភិបាលខេត្តកំពង់ចាម បានបន្តទៀតថា ក្រោយពីបងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះក្លាយជាម្ចាស់ផ្លូវនេះហើយ សូមប្រើប្រាស់ឲ្យបានផលប្រយោជន៍ពិតប្រាកដ ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ខ្លួន។

ទន្ទឹមនិងនេះដែរ សូមប្រជាពលរដ្ឋយើង មានការយោគយល់អធ្យាស្រ័យខណៈពេលដែលក្រុមការងារដំណើរការសាងសង់ អាចមានផលប៉ះពាល់ខ្លះៗ ពីព្រោះផ្លូវនេះលំនាំដើម មានទទឹងប្រវែង តែ៤ម៉ែត្រទេ ឥឡូវនេះត្រូវពង្រីកទៅជា ៦ ម៉ែត្រ ក្រាលកៅស៊ូ និងរក្សាទុកចំណីផ្លូវ ១ម៉ែត្រសងខាង។ ដូច្នេះប្រសិនបើមានការប៉ះពាល់ខ្លះៗ សូមបងប្អូនប្រជាពលរដ្ឋសហការរកដំណោះស្រាយជាមួយនឹងអាជ្ញាធរមូលដ្ឋាន សូមចូលរួមជួយថែរក្សាផ្លូវនេះ ដើម្បីប្រើប្រាស់បានយូរអង្វែងផងដែរ៕