(ភំ្នពេញ)៖ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកស្រី តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយនគរបាលនារី ចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលនារី ចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ឯក នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង បានថ្លែងថា ក្នុងឱកាសដ៏វិសេសវិសាលប្រពៃថ្លៃថ្លា នៃការប្រារព្ធខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៣ ជំនួសមុខឲ្យថ្នាក់ដឹកនាំកងកម្លាំងនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងក្នុងនាមលោកផ្ទាល់ ព្រមទាំងលោកស្រី សូមចូលរួមអបអរសាទរប្រកបដោយក្តីសោមនស្សរីករាយ ជាមួយបងប្អូនកងកម្លាំងនគរបាលនារីទាំងអស់ ក្នុងមនោសញ្ចេតនាស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅជាទីបំផុត។
លោកថា ទិវានេះ ជាព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ សម្រាប់នារីទូទាំងពិភពលោកក៏ដូចជានារីនៅក្នុងព្រះរាជាណាចក្រកម្ពុជា និយាយជារួម និងនិយាយដោយឡែក សម្រាប់កងកម្លាំងនគរបាលជានារី នៅក្នុងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនេះតែម្ដង ហើយក៏ជាការរំឭកអំពីតួនាទីដ៏សំខាន់របស់នារីក្នុងការចូលរួមប្រកបដោយវីរភាពក្នុងបុព្វហេតុបម្រើសង្គម និងមនុស្សជាតិប្រកបដោយមោទនភាព។
ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញនូវគោលនយោបាយ និងទស្សនវិស័យលុបបំបាត់នូវការរើសអើង ដោយផ្តល់សិទ្ធិស្មើភាពរវាងបុរសនិងនារី ព្រមទាំងចាត់ទុកថា ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ ហើយការបញ្ជ្រាបយេនឌ័រ គឺជាកិច្ចការអន្តរវិស័យក្នុងការធានាចីរភាព នៃសុខសន្តិភាព និងពន្លឿនល្បឿនការអភិវឌ្ឍក្នុងយុគសម័យឌីជីថល។
លោកថា ជាក់ស្ដែងរាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងផ្ដល់ឱកាសជាអាទិភាពដល់នារីលើគ្រប់សកម្មភាព ទាំង កិច្ចការនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សិល្បៈ វិស័យការពារជាតិ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម រួមទាំងវិស័យផ្សេងៗទៀតផងដែរ ដែលសព្វថ្ងៃនេះ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិជាសេនាធិការ បានយកចិត្តទុកដាក់គាំទ្រលើកទឹកចិត្តដល់កងកម្លាំងនគរបាលនារី ដោយបាន ផ្តល់ឋានៈ តួនាទីក្នុងជួរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទើបមាននគរបាលជានារី ជានាយករងមន្ទីរ ព្រមទាំងឧបត្ថម្ភគាំទ្រ លើកកម្ពស់ទាំងស្មារតី សម្ភារនិងសមត្ថភាពជំនាញក្នុងការបំពេញមុខនាទីរបស់ខ្លួនទៀតផង។
ឧត្តមសេនីយ៍ឯក នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឧបត្ថម្ភថវិកាដល់នគរបាលនារីចំនួន២៧នាក់ ក្នុងម្នាក់ៗទទួលបានចំនួន ១០ម៉ឺនរៀល៕