(ភ្នំពេញ)៖ លោក សំ រិទ្ធីយឿន ហៅ ធី ចចារ ដែលជាអតីតក្រុមប្រឆាំងនៅក្រៅប្រទេស ហើយធ្លាប់រិះគន់រដ្ឋាភិបាលមិនសម្ចៃមាត់ បានសរសេរលិខិតសម្តែងការដឹងគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានទឹកចិត្តសណ្តោសប្រណី អនុញ្ញាតឱ្យលោកវិលចូលប្រទេស ហើយចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
លោក សំ រិទ្ធីយឿន (ហៅ ធី ចចារ) Som Rithy Yoen ជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិច កន្លងទៅបានប្រើពាក្យសម្តីឆ្គាំឆ្គងរិះគន់ ដោយបំភ្លៃការពិត និងជឿលើអ្នកនយោបាយប្រឆាំងជ្រុលនិយមកន្លងមក ធ្វើឱ្យប៉ះពាល់ដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសលើកិត្តិយសសម្តេចផ្ទាល់។
លោកបានបញ្ជាក់ថា៖ «ដោយទឹកចិត្តដ៏ល្អ ថ្លៃថ្លារបស់សម្តេច ថែមទាំងមិនប្រកាន់មកលើ រូបខ្ញុំប៉ុណ្ណោះទ សម្តេចក៏បានអំពាវនាវឱ្យពលរដ្ឋខ្មែររស់ នៅក្រៅប្រទេសទៅលេងស្រុក ដោយមិនប្រកាន់និន្នាកា នយោបាយទៀតផង។ គួរឱ្យរំភើបមួយទៀតនោះ សម្ដេចបាននិយាយចំឈ្មោះខ្ញុំបាទឱ្យទៅលេងស្រុកខ្មែរ ដោយគ្មានការព្រួយបារម្ភតាមរយៈកញ្ចក់ទូរទស្សន៍ ធ្វើឱ្យខ្ញុំបាទរំភើបរីករាយរកអ្វីប្រៀបពុំបាន និងអនុញ្ញាតឱ្យរូបខ្ញុំបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមបំណងប្រាថ្នារបស់ខ្ញុំបាទ»។
លោក សំ រិទ្ធីយឿន ហៅ ធី ចចារ បានសន្យាថា នឹងរក្សាការពារគណបក្សប្រជាជនកម្ពុជា។ ពិសេសគោរពតាមនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច រួមចំណែកការពារសន្តិភាព និងទប់ស្កាត់នូវឧបាយកលឧក្រិដ្ឋទាំងឡាយណាដែលចង់បំផ្លាញ សន្តិភាពក្នុងប្រទេស ហើយប្ដេជ្ញាគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេនរបស់ គណបក្សប្រជាជនកម្ពុជាជារៀងរហូត។
លោកបានបួងសួងដល់វត្ថុសក្កិសិទ្ធក្នុងលោកតាមថែរក្សាការពារ សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងកូនៗ និងចៅៗ ជួបតែសេចក្ដីសុខគ្រប់ពេលវេលាផងដែរ៕