(ភ្នំពេញ)៖ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី បានជួបសម្តែងការគួរសម និងពិភាក្សាជាមួយលោកស្រី សាហ៊ីបា ហ្កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដើម្បីពង្រឹងនិងពង្រីកមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងការទូតសភារវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភាអាស៊ែបៃហ្សង់។

ជាកិច្ចចាប់ផ្តើម លោកស្រីកិត្តិសង្គហបណ្ឌិត បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនដល់លោកសរី ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់។ លោកស្រីកិត្តិសង្គហបណ្ឌិត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី សាហ៊ីបា ហ្កាហ្វ៉ារ៉ូវ៉ា ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាអាស៊ែបៃហ្សង់ទៅបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ព្រមទាំងការបញ្ជូនសមាជិកសភាអាស៊ែបៃហ្សង់ចូលរួមសង្កេតការណ៍ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ កាលឆ្នាំ២០២២ កន្លងទៅ។

ភាគីទាំងពីរបានរំលឹកឡើងវិញនូវទំនាក់ទំនងកាទូត និងកិច្ចសហប្រតិបត្តិការ ដែលមានតាំងពីឆ្នាំ១៩៩៤ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។

ភាគីទាំងពីរបានគូសបញ្ជាក់នូវសមិទ្ធផលជាផ្លែផ្កា ផ្តើមចេញពីដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន មកអាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាលទ្ធផល រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀង រួមមាន ១៖ MOU ក្នុងការបង្កើតការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ២៖ MOU ក្នុងការបង្កើតក្រុមមិត្តភាពសភាកម្ពុជា-អាស៊ែបាយហ្សង់ ៣៖ បង្កើតគណៈកម្មាធិការរួមលើកិច្ចការពាណិជ្ជកម្មនិងសេដ្ឋកិច្ច ៤៖ កិច្ចព្រមព្រៀងលើកកម្ពស់និងការការពារវិនិយោគទៅវិញទៅមក ៥៖កិច្ចព្រមព្រៀងមិនយកពន្ធត្រួតលើគ្នា។ បន្ថែមទៅទៀតនោះ សមិទ្ធិផលថ្មីៗកន្លងទៅ ផ្តើមចេញពីទស្សនកិច្ចរបស់ លោកស្រី សាហ៊ីបា ហ្កាហ្វារ៉ូវ៉ា នៅកម្ពុជា និងការចុះអនុស្សរណយោគយោល់គ្នា រវាងរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់។ ភាគីទាំងពីរបានបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធ ជាពិសេសការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិការអន្តរសភានានា នៅក្នុងតំបន់ និងសកលលោក។

ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏សូមអបអរសាទរចំពោះសមិទ្ធិផលដ៏ត្រជះត្រចង់ចំពោះការដឹកនាំរបស់រដ្ឋសភាអាស៊ែបៃហ្សង់ ក្នុងការបង្កើតបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement – Parliamentary Network, NAM-PN) និងសូមអបអរសាទរចំពោះជោគជ័យនេះការរៀបចំកិច្ចប្រជុំ NAM-PN កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ដែលសភាកម្ពុជា ក៏បានបញ្ចូនតំណាងជាសមាជិករដ្ឋសភាចំនួន ២រូប និងសមាជិកព្រឹទ្ធសភាចំនួន ៣រូប ចូលរួមក្នុងចលនានេះផងដែរ។

ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាបន្តជំរុញយន្តការផ្លាស់ប្តូរបទពិសោធន៍ នៅគ្រប់កម្រិត តាំងពីកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាពសភា ក្រុមសភាស្ត្រី ក្រុមសភាវ័យក្មេង រហូតដល់កម្រិតមន្ត្រីជំនាញ ដើម្បីបន្តរឹតចំណងមិត្តភាព សាមគ្គីភាព ឈានទៅសម្រេចបាននូវ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ទាំងក្របខណ្ឌសភា រដ្ឋ និងប្រជាជន ជាពិសេស ការជំរុញពាណិជ្ជកម្មទ្វេភាគី និងការធ្វើសមាហរណកម្ម ទៅក្នុងវេទិកាពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក រួមទាំងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

មុននឹងបញ្ចប់ លោកស្រីកិត្តិសង្គហបណ្ឌិត បានគោរពអញ្ជើញ រដ្ឋសភាអាស៊ែបៃហ្សង់ និងបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ ចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា នៅខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះដែលជាដំណើរការបោះឆ្នោតតាមរបបប្រជាធិបតេយ្យ សេរី ពហុបក្ស យ៉ាងទៀងទាត់របស់កម្ពុជា៕