(ភ្នំពេញ)៖ អគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា (CGCU) នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាស្ដីពី «នីតិវិធីដោះស្រាយវិវាទការងារ ឧបត្ថុម្ភដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល» ដើម្បីរួមចំណែកលើកកម្ពស់ចំណេះដឹង និងជំនាញ ជូនដល់បុគ្គលិក កម្មករ និយោជិតចូលរួម មានសមាជិកជាតំណាងមកពីសហភាពសហជីព សហព័ន្ធសហជីព សមាគម អង្គការ ចំនួន៨០នាក់។

សូមបព្ជាាក់ថានៅក្នុងអគ្គសម្ព័ន្ធសហភាពសហជីពកម្ពជា(CGCU) មានសហភាពសហជីពចំនួន១៥ សហព័ន្ធសហជីពចំនួន១១៤ មានសមាគមចំនួន ១២ និងអង្គការចំនួន ៥ សហជីពមូលដ្ឋានមានចំនួន៩៨៩ សមាជិកសហជីពសរុបចំនួន ៤៣២ ២៥៣នាក់។

ក្នុងសិក្ខាសាលានេះ លោក ម៉ែន និម្មិត នាយក​ប្រតិបត្តិ​ស្ដី​ទី​ នៃ​មូលនិធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល បានបញ្ជាក់ថា គោលបំណងសិក្ខាសាលានេះ ដើម្បីឲ្យកម្មករយល់ច្បាស់អំពីនីតិវិធីដោះស្រាយវិវាទការងារ ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រៅប្រព័ន្ធតុលាការ ចង់ឲ្យកម្មករដោះស្រាយ និងនាំមកនូវសន្ដិភាពនៅកន្លែងសហគ្រាសរបស់ខ្លួន ហើយបង្កើនផលិតភាព បង្កើនស្ថិរភាព និងភាពប្រកួតប្រជែងរបស់រោងចក្រ។

លោក ម៉ែន និម្មិត បានបន្ដថា ការដោះស្រាយ ក្រុមប្រឹក្សាអាជ្ញាកណ្តាល តាមច្បាប់យើងមានការដោះស្រាយតែ១៥ថ្ងៃទេ ហើយតុលាការមិនកំណត់ពេលវេលាទេ អាចរាប់ខែ ឬរាប់ឆ្នាំ។ ប៉ុន្តែ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ច្បាប់បានចែងថា ត្រូវដោះស្រាយឲ្យចប់ក្នុងរយៈពេល១៥ថ្ងៃ លើកលែងតែភាគីទាំងសងខាងនៃវិវាទ គាត់ព្រមឲ្យអាជ្ញាកណ្ដាលពន្យារពេល ដោយសារតែវិវាទស្មុគស្មាញ។

ជាមួយគ្នានេះដែរ លោកស្រី ទេព គឹមវណ្ណារី ប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា បានបន្ថែមថា ឆ្នាំ២០២៣ នេះ គឺជាឆ្នាំមួយដែលក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានសហការរៀបចំសិក្ខាសាលា ជូនដល់ក្រុមប្រឹក្សាភិបាលនៃ អគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា នៅគ្រប់វិស័យដើម្បីលើកកម្ពស់ចំណេះដឹង និងជំនាញ អំពីនីតិវិធីដោះស្រាយវិវាទនៅកន្លែងការងារ និងធ្វើឱ្យបងប្អូនកម្មករនិយោជិតមាន ចំណេះដឹងផ្នែកច្បាប់ ដែលមានការកែសម្រួលទៅតាមសកម្មភាពជាក់ស្ដែងដូចជា ការដោះស្រាយវិវាទរួម នៅអាជ្ញាកណ្តាល។

លោកស្រីបានបន្ថែមទៀតថា ចំណែកការដោះស្រាយវិវាទបុគ្គលនៅតុលាការ ដូច្នេះរាជរដ្ឋាភិបាល ក៏បានកែសម្រួល ដោយសហការឯកភាពគ្នាជាមួយ អាជ្ញាកណ្ដាល និងតុលាការ ស្វែងរកយុត្តិធម៌ជូនបងប្អូនកម្មករនិយោជិត ក៏បានកែសម្រួលនូវមាត្រាមួយចំនួន សំដៅលើកកម្ពស់ការយល់ដឹងផង និងដោះស្រាយឱ្យមានប្រសិទ្ធភាព និងតម្លាភាពផង។

ជាថ្មីម្ដងទៀត លោក ម៉ែន និម្មិត សូមអំពាវនាវដល់សហជីព កម្មករពិនិត្យ និងដោះស្រាយដោយសន្តិវិធី ក៏មិនមែនត្រូវតែយកមក ក្រុមប្រឹក្សាអាជ្ញាកណ្តាល ទេ គឺយើងដោះស្រាយតាមសហគ្រាសរោងចក្រខ្លួនផ្ទាល់ក៏បាន និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើយ៉ាងណាឲ្យត្រូវតា​មគោលការណ៍ច្បាប់៕