(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ប្រកាសប្រឆាំង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៉ី ដែលបានផ្សព្វផ្សាយបំភ្លៃ និងញុះញង់តាមបណ្តាញសង្គមមកលើ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមគ្រួសារ។

ក្រសួងការពារជាតិ បានចាត់ទុកថា «ការចោទប្រកាន់យ៉ាងគឃ្លើនរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៉ី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ គឺជាការញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាអំពើល្មើសច្បាប់ មានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រឈមនឹងការផ្តន្ទាទោស»។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ តែងប្តេជ្ញាដាច់ខាតការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។

អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការឱ្យបានតឹងរ៉ឹងតាមច្បាប់ចំពោះ ទណ្ឌិត សម រង្ស៊ី ពូជក្បត់ជាតិ៣ជំនាន់នេះ ហើយបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ រង់ចាំជានិច្ចក្នុងការអនុវត្តបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងការកម្ចាត់ជនក្បត់ជាតិ ទោះក្នុងតម្លៃណាក៏ដោយ។

សូមបញ្ជាក់ថា​ ឆ្លើយតបនឹងការផ្សព្វផ្សាយអុចអាល និងញុះញង់របស់ទណ្ឌិត សម រង្ស៉ី, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ក៏បានចេញមកច្រានចោលការផ្សាយរបស់​ជនក្បត់​ជាតិតជំនាន់ សម រង្ស៉ី ផងដែរ។

សម្តេចចាត់ទុកថា ការផ្សព្វផ្សាយនេះ ជាការធ្វើឡើងក្នុងចេតនាទុច្ចរិតអុជអាលឱ្យមានការចលាចលក្នុងសង្គម និងញុះញង់បំបែកបំបាក់ជាតិ។ សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា «ខ្ញុំ និងក្រុមគ្រួសារ នៅតែប្រកាន់ជំហរគាំទ្រទាំងស្រុងចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត»។ នេះជាការគូសបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់៕