(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងអាកាស ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ប្រកាសប្រឆាំង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះ​ទណ្ឌិត​ក្បត់​ជាតិបីជំនាន់ សម រង្ស៉ី ដែលបានផ្សព្វផ្សាយបំភ្លៃ និងញុះញង់តាមបណ្តាញ​សង្គមមកលើសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមគ្រួសារ។

ការផ្សព្វផ្សាយគឃ្លើន​របស់ទណ្ឌិត​ក្បត់​ជាតិបី​ជំនាន់ សម រង្ស៉ី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ​២០២៣ គឺជាការញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិ​សុខសង្គម ដែលជាអំពើល្មើស​ច្បាប់ មានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះ​រាជា​ណា​ចក្រកម្ពុជា ដែលប្រឈមនឹង​ការផ្តន្ទា​ទោស។

យើងខ្ញុំប្តេជ្ញាដាច់ខាតការពារ រាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។

យើងខ្ញុំស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការឱ្យបានតឹងរ៉ឹងតាមច្បាប់ចំពោះ ទណ្ឌិត សម រង្ស៊ី ពូជក្បត់ជាតិ៣ជំនាន់នេះ ហើយបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ រង់ចាំជានិច្ចក្នុងការ​អនុវត្ត​បទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងការកម្ចាត់ជនក្បត់ជាតិ ទោះក្នុងតម្លៃណាក៏ដោយ៕