(កំពង់ឆ្នាំង)៖ លោក អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងរួម និងព្រះរាជអាជ្ញារងព្រមទាំងមន្ត្រីរាជការ នៅក្នុងស្ថាបន័អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងទាំងអស់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បាននាំយកថវិកាទៅ​ចែកជូនប្រជាពលរដ្ឋ ៤៥គ្រួសារ ដែល​រងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន២០ម៉ឺនរៀល។

នាឱកាសនោះដែរ លោកព្រះរាជអាជ្ញា បានសម្ដែងការសោកស្ដារចំពោះឧបទ្ទវហេតុនេះ និងបានផ្ដាំ​ផ្ញើ​ឱ្យ​ប្រជា​ពល​រដ្ឋ​​ផ្សេង​ៗ​ទៀត ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះថានេះជារដូវក្តៅធ្វើឱ្យភ្លើងងាយនឹងឆាបឆេះ។

លោក អុិត សុធា បានបន្តថានេះ ជាថវិកាតិចតួចជាទឹកចិត្តរបស់បងប្អូននៅក្នុងស្ថាបន័អយ្យការនែខេត្តកំពង់ឆ្នាំង។ ដូចជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន លោកធ្លាប់មានប្រសាសន៍ថា លោកមិនឱ្យប្រជាពលរដ្ឋណាស្លាប់ដោយអត់អាហារហូបចុកនោះទេ ដូចនេះយើងទាំងអស់គ្នាជាកូនចៅសម្តេចត្រូវតែគោរពស្រឡាញ់ និងដើរតាមគន្លងរបស់សម្តេចជានិច្ច។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៧ និង២០នាទី មានករណី​អគ្គីភ័យ បានឆាបឆេះ​លំ​នៅ​​ដ្ឋាន​របស់ប្រជាពលរដ្ឋអស់ចំនួន ២៧ខ្នងផ្ទះ ស្មើនឹង៤៥គ្រួសារ។ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង តែងតែគោរពស្រឡាញ់លោក និងបងប្អូននៅក្នុងស្ថាបន័អយ្យការទាំងអស់ដែលកន្លងមក ក៏ដូចជាពេលនេះលោកតែងតែយកចិត្តទុកដាក់នៅពេលប្រជាពលរដ្ឋជួបការលំបាកមិនថានៅទីណាក៏ក្រុមលោកមិនខ្លាចនឿយហត់ដែរ៕