(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកថវិកាមួយចំនួន ជាអំណោយឧបត្ថម្ភរបស់សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅចែកដល់កងកម្លាំងគ្រប់ប្រភេទ នៅទិសយោធភូមិភាគទី២ អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករឮកពីសម្តេចតេជោ ហ៊ុន សែន សម្ដេចគតិព្រឹទ្ធបណ្ឌិត និងសម្ដេចពិជ័យសេនា ទៀ បាញ់ ដល់កងកម្លាំងទាំងអស់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះស្នាដៃ សមិទ្ធផល ដែលកងកម្លាំងសម្រេចបាននាពេលកន្លងមក ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ស្ថិរភាព និងការកសាងអង្គភាពឱ្យមានការរីកចម្រើនមកដល់បច្ចុប្បន្ន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីសភាពការណ៍ជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ នៅក្នុងការថែរក្សាបានសន្តិភាព ស្ថេរភាពនយោបាយ ជោគជ័យនៃការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការបើកប្រទេសស្តារសេដ្ឋកិច្ចឡើងវិញ ជោគជ័យការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងជោគជ័យកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងទិសដៅភារកិច្ចចំពោះមុខ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្ដាំផ្ញើដល់កងកម្លាំង ចូលរួមដោយស្មារតីទទួលខុសត្រូវកិច្ចការពារសន្តិសុខ សុវត្ថិភាព នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

ជាមួយនោះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានផ្ដាំផ្ញើដល់កងកម្លាំងគ្រប់ប្រភេទ ឲ្យបន្តចូលរួមថែរក្សាសន្តិភាពឱ្យគង់វង់ ទោះក្នុងតម្លៃណាក៏ដោយ ក្នុងនោះ រក្សាសន្តិសុខផ្ទៃក្នុងប្រទេស ក៏ដូចជាសន្តិសុខនៅតាមបណ្ដោយព្រំដែន ប្រែក្លាយតំបន់ព្រំដែនឱ្យក្លាយជាព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕