(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ស សំណាង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិចិនម្នាក់ ដាក់ពន្ធនាគារ ក្រោយបើករថយន្ដក្នុងស្ថានភាពស្រវឹងជោគជាំ បុកស្ដ្រីម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ រហូតកាត់ជើងម្ខាង។

សូមរំលឹកថា ស្ដ្រីជនជាតិខ្មែរម្នាក់ត្រូវជនជាតិចិន បើកបររថយន្ដក្នុងស្ថានភាពស្រវឹងខ្លាំង បុកពីក្រោយពេញទំហឹង បណ្ដាលឲ្យស្ដ្រីរងគ្រោះរបួសធ្ងន់ធ្ងរ រហូតកាត់ជើងម្ខាង ខណៈដែលស្ដ្រីរងគ្រោះកំពុងជិះម៉ូតូឌុបគ្នា២នាក់នៅតាមផ្លូវ នៅលើមហាវិថីម៉ៅសេទុង ខាងមុខវត្តទួលទំពូង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

ស្ដ្រីជនជាតិខ្មែររងគ្រោះមានឈ្មោះ អ៊ួន រតនា អាយុ២៤ឆ្នាំ និងបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។ ដោយឡែកជនបង្កឈ្មោះ WU YAO អាយុ៣៣ឆ្នាំ ជនជាតិចិន បើកបររថយន្ដម៉ាក LEXUS CT200h ពណ៌ខ្មៅ ពាក់ផ្លាក់លេខ ភ្នំពេញ 2BQ-3397។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានយករថយន្ត និងម៉ូតូទៅរក្សាទុក និងបានបញ្ជូនជនបង្កជនជាតិចិនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសទៅតាមនីតិវិធីច្បាប់។

តាមរយៈបណ្ដាញព័ត៌មាន Fresh News ជនរងគ្រោះ និងសាច់ញាតិ សូមអំពាវនាវដល់ស្ថាប័នតុលាការឲ្យចាត់វិធានការឲ្យបានតឹងរ៉ឹងជាទីបំផុត ទៅលើជនបង្កជនជាតិចិន ដែលបានបើកបររថយន្ដ ក្នុងស្ថានភាពស្រវឹងយ៉ាងដូច្នេះ៕