(តាខ្មៅ)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានលើកឡើងថា នាយទាហាន និងពលទាហានបញ្ជាការដ្ឋានអង្គរក្ស បានធ្វើពលីកម្មយ៉ាងច្រើនក្នុងបុព្វហេតុការពារជាតិ បូរណៈភាពទឹកដី និងប្រជាជនកម្ពុជា នៅក្នុងប្រទេស និងតាមព្រំដែនតំបន់ប្រាសាទព្រះវិហារ និងប្រាសាទតាមាន់ នាពេលកន្លងមក។

ការលើកឡើងរបស់នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ក្នុងឱកាស អញ្ជើញរួមជាមួយភរិយា និងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ ក្នុងបញ្ជាការដ្ឋានអង្គរក្សជាច្រើនរូបទៀត បានប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធជូនដល់អតីតយុទ្ធជន និងយុទ្ធនារី នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើពលីកម្ម និងទទួលមរណៈភាព ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលកន្លងមក ក្នុងឱកាសចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឈានចូលមកដល់នាពេលខាងមុខព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ នៅទីបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅ។

នាយឧត្តមសេនីយ បានបន្តថា បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពស្នូលមួយរបស់កងយោធពលខេមរភូមិន្ទ ដែលកន្លងមកបានចូលរួមបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ក្នុងកិច្ចការពារជាតិមាតុភូមិ ការពារប្រជាជន ជាសេនាធិការកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ក្នុងការជួយដឹកជញ្ជូនលីសែងស្បៀង អំណោយ និងសម្ភារៈផ្សេងៗ ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ជនក្រីក្រចាស់ជរា ស្រ្តីមេម៉ាយ គ្រោះធម្មជាតិផ្សេងៗ។

លើសពីនេះ បានចូលរួមការងារសង្គមកិច្ចជាច្រើនទៀត និងចូលរួមកសាង អភិវឌ្ឍន៍ជាតិ ជាពិសេសរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ ធានាសុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារបាន១០០ភាគរយ ដើម្បីឲ្យសម្ដេចមានលទ្ធភាពពេលវេលាគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសជាតិ ឈានទៅរកត្រើយសុខ សន្តិភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្សទាំងអស់ បានប្តេជ្ញាចិត្តស្មោះត្រង់ ការពារ និងបម្រើ សម្តេចតេជោ ហ៊ុនសែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ឲ្យបាន១០០ភាគរយ និងលុះអវសាន្តនៃជីវិត និងបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីជារៀងរហូត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តី នៃពេលអនាគត។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ បញ្ជាការដ្ឋានអង្គរក្សតែងបានរៀបចំនូវពិធីនេះឡើង នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា គ្រូឧប្បជាយាចារ្យ និងញាត្តិការទាំង៧សណ្តាន ដែលបានបែកបាក់ចែតឋាន ជាពិសេសឧទ្ទិសជូននាយទាហាន និងពលទាហាន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ នៅក្នុងបុព្វហេតុការពារជាតិមាតុភូមិ ហើយបានមកទទួលនូវមនុញ្ញផល និងបានសោយសុខនៅក្នុងឋានសុគតិភព។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី ព្រមទាំងនាយទាហាន និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស បាននិមន្តព្រះសង្ឃ ចំនួន៩៩អង្គ ដែលនិមន្តមកពីវត្តចំនួន៩វត្ត នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីសូត្រមន្តរាប់បាត វេរប្រគេនទ័យ្យទាន មានគ្រឿងឧបភោគ និងគ្រឿបរិភោគជាច្រើនមុខទៅដល់ព្រះសង្ឃ ស្របតាមគន្លងប្រពៃណីសាសនា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណីជាតិខ្មែរ៕