(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូចំនួន១ខ្សែប្រភេទ (DBST) ប្រវែង២,០២០ម៉ែត្រ ស្ថិតក្នុងសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះ លោកបានលើកឡើងថា ដោយសារប្រទេសជាតិ មានសុខសន្តិភាពក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យនេះ ជាចំណងដៃបន្តបន្ទាប់ ជូនដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ហើយប្រជាពលរដ្ឋទៀតសោតបានញញឹមបិតមាត់មិនជិតនោះឡើយ ចំពោះកាដូរបស់អាជ្ញាធរជូនដល់ភូមិឋានរបស់ពួកគាត់ ដែលជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែធូរធាខ្លាំងៗឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។

លោក ងួន រតនៈ បានចាត់ទុកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ជាសរសៃឈាមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការដឹកជញ្ជូនកសិផលផ្សេងៗ ដែលប្រមូលផលបាន ទៅកាន់ទីផ្សារ ក៏ដូចជាការងាយស្រួលក្នុងការដឹកសម្ភារៈ ឧបភោគ បរិភោគ និងសម្ភារៈសំណង់ពីទីផ្សារ ដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

អភិបាលខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋមេត្តាជួយសហការកុំដឹកជញ្ជូនសំពីងសំពោង ពិសេសអាជ្ញាធរដែនដីមេត្តាផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋរបស់ខ្លួន ដែលរស់នៅតាមបណ្តោយផ្លូវ សូមចូលរួមសហការសម្របសម្រួលរាល់បញ្ហា ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសូមសំណូមពរប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យ ខណៈពេលដែលក្រុមការងារដំណើរការសាងសង់ អាចមានផលប៉ះពាល់ខ្លះៗ និងត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីចូលរួមអនុវត្តច្បាប់បទបញ្ញត្តិចរាចរណ៍នានា សំដៅធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។

លោកបានអំពាវនាវ ដល់អ្នកធ្វើដំណើរទាំងអស់ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសមន្ត្រីរាជការ និងកងកម្លំាងប្រដាប់អាវុធ ត្រូវធ្វើជាគំរូឈានមុនគេ ក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានជំរុញឲ្យផ្លាស់ប្តូរឥរិយាបថ ដែលធ្លាប់តែមិនគោរពច្បាប់ ងាកមកខិតខំរួមគ្នាគោរពច្បាប់ឲ្យបានស្មើភាព និងម៉ឺងម៉ាត់ ដើម្បីថែរក្សាអាយុជីវិតមនុស្ស ជាពិសេសអ្នកបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នា ចំពោះអ្នកដែលជាទីស្រឡាញ់ និងជាបង្គោលក្នុងគ្រួសារ និងថែរក្សាសង្គម ឲ្យមានសុវត្ថិភាព ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនប្រកបដោយចីរភាព។

គួរបញ្ជាក់ថា ការសាងសង់ផ្លូវកៅស៊ូចំនួន១ខ្សែប្រភេទ (DBST) ដែលមានប្រវែង២,០២០ម៉ែត្រ ទទឹង៦ម៉ែត្រ អនុវត្តចាប់ពីថ្ងៃទី១៥ ខែមីនា រហូតដំណាច់ខែមិថុនា ឆ្នាំ២០២៣ ដោយសហគ្រាស ទុំ ហ៊ែលហង្សរី ខនស្ត្រាក់សិន សឺវីស។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានបង្ហាញនូវក្ដីសប្បាយរីករាយជាខ្លាំង ដោយទទួលបានផ្លូវកៅស៊ូថ្មី ងាយស្រួលធ្វើដំណើរផងដែរ។ ពួកគាត់គិតថា ផ្លូវបេតុងថ្មីនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ទាំងសម្រាប់ការធ្វើដំណើរ និងសម្រាប់ការដឹកជញ្ជូននូវកសិផលផ្សេងៗ ដើម្បីយកទៅលក់នៅតាមទីផ្សារ។

បន្ថែមពីនេះ ពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលធ្វើឲ្យកម្ពុជាមានសុខសន្ដិភាព និងពោរពេញដោយការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ និងអរគុណដល់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដែលអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវនៅពេលនេះ។

ជាមួយនឹងអ្វីដែលទទួលបាននៅពេលនេះ ប្រជាពលរដ្ឋបានប្ដេជ្ញាចិត្តថា នឹងខិតខំថែរក្សាផ្លូវមួយខ្សែនេះឲ្យបានល្អ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង៕