(កំពង់ធំ)៖ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ដឹកនាំសហការីជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហារមួយចំនួនរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី តាមរយៈលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅឧបត្ថម្ភជូនក្រុមគ្រួសារដែលមានជីវភាពលំបាកខ្វះខាត ពិការភាព ចាស់ជរា ចំនួន១០គ្រួសារនៅ ភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោកស្រីបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ដែលតែងតែបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលាជាពិសេសប្រជាពលរដ្ឋ ដែលទទួលរងនូវភាពលំបាកខ្វះខាត មានពិការភាព និងមានជំងឺប្រចាំកាយ ដោយមិនគិតពីនិន្នាការនយោបាយនោះឡើយ។

លោកស្រី ង៉ែត ណារីន បានគូសបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូននៅពេលនេះនឹងអាចសម្រួលនូវការលំបាកខ្វះខាត និងសម្រួលដល់ជីវភាព ការហូបចុករបស់គាត់បានមួយរយៈកាលផងដែរ និងបានណែនាំដល់ក្រុមគ្រួសារទាំងអស់អំពីការថែទាំសុខភាព ការរក្សាអនាម័យ ជាពិសេសត្រូវពិសារទឹកដែលដាំពុះ និងម្ហូបអាហារដែលចម្អិនបានឆ្អិនល្អ ដើម្បីបង្ការពីការឆ្លងជំងឺផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។

លោកស្រីបានអំពាវនាវដល់ក្រុមគ្រួសារទាំងអស់ ត្រូវត្រៀមឯកសារគ្រប់គ្រាន់សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ នឹងត្រូវបោះឆ្នោតជូនគណបក្សនយោបាយណាដែលខ្លួនស្រឡាញ់ពេញចិត្ត ពិសេសគណបក្សដែលរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនឲ្យបានគ្រប់ៗគ្នា។

ក្រុមគ្រួសារដែលមានជីវភាពលំបាកខ្វះខាតទាំង១០គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ។ អំណោយដែលផ្តល់ជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបាន នូវអង្ករចំនួន២៥គីឡូក្រាម មីចំនួន១កេស ត្រីខ១យួរ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី បានផ្តល់អង្ករចំនួន៥តោន មី៥០០កេស ត្រីខចំនួន១០០កេស ទឹកត្រី ទឹកស៉ីអ៉ីវចំនួន៦០០យួរ មកតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីចែកបន្តជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតផងដែរ៕