(កណ្ដាល)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញអាជ្ញាធរខេត្តកណ្ដាលខិតខំដោះស្រាយសំណើ សំណូមពរ បណ្ដឹង និងការទាមទារតវ៉ានានារបស់ពលរដ្ឋឲ្យបានល្អប្រសើរបំផុត។

លោកអគ្គបណ្ឌិត បានថ្លែងជំរុញយ៉ាងដូច្នេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

លោកអគ្គបណ្ឌិតបានថ្លែងជំរុញបន្ថែមថា ដើម្បីមានប្រសិទ្ធភាពក្នុងការដោះស្រាយជូនពលរដ្ឋ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចាត់តាំងមន្ត្រីដើម្បីសហការរៀបចំវេទិកាសាធារណៈជាមួយប្រជាជន, ហ្វឹកហ្វឺនមន្ត្រីឲ្យចុះជាប់ជាមួយ ប្រជាពលរដ្ឋឲ្យចេះទទួល ដោះស្រាយសំណើសំណូមពរនានារបស់ប្រជាពលរដ្ឋ ដោយត្រូវចាត់ទុកការងារនេះជាការងារអាទិភាពប្រចាំថ្ងៃនៃរដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្តកណ្តាល, ត្រូវសហការ និងជំរុញប្រជាពលរដ្ឋឲ្យមកធ្វើ អត្តសញ្ញាណប័ណ្ណ ទុតិយាតា សៀវភៅគ្រួសារ សៀវភៅស្នាក់នៅឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងជំរុញអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវខិតខំរួមសហការគ្នាអនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងបទបញ្ជានីតិវិធីនៃការបោះឆ្នោត និងសហការឲ្យបានជិតស្និទ្ធជាមួយ អាជ្ញាធររៀបចំការបោះឆ្នោត ដើម្បីលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងដំណើរការបោះឆ្នោតទាំងមូល សំដៅរួមគ្នាធានាឲ្យការបោះឆ្នោតជាតិលើកទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាពល្អប្រសើរ។

អគ្គបណ្ឌិតក៏បានផ្ដាំផ្ញើពីបញ្ហាព្រំដែនផងដែរ គឺត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ដោយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ត្រូវខិតខំលើកកម្ពស់ថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ, បង្កើនការរក្សាសន្តិសុខសណ្ដាប់ធ្នាប់តាមព្រំដែន, ការចេញចូលរវាងពលរដ្ឋទាំង២ប្រទេសគឺត្រូវក្រោមការត្រួតពិនិត្យស្របតាមច្បាប់, ហាមពលរដ្ឋពីការជួលដីឲ្យជនបរទេសនៅតាមព្រុំដែន, ទំនិញចេញ-ចូល ត្រូវតែក្ដាប់ឲ្យច្បាស់លាស់លើការបង់ពន្ធជូនរដ្ឋ, មិនត្រូវឲ្យមានទំនិញគេចពន្ធជាដាច់ខាត, ថែទាំបង្គោលព្រំដែនឲ្យបានល្អ, ការពារធនធានធម្មជាតិ, ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរប្រទេសជិតខាង, ខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មសុខាភិបាលអប់រំទំនិញកសិផលនិងវិស័យផ្សេងៗទៀត ដែលមានផលប្រយោជនសម្រាប់ប្រជាជូនដែលរស់នៅតាមតំបន់ព្រំដែន។

ជាមួយគ្នានេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងថា អនុវត្តតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលចាត់ទុកវិស័យទាំងបួន មនុស្ស ផ្លូវ ទឹក ភ្លើង ជាអាទិភាព រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ក្នុងការជំរុញ គាំទ្រដល់ការ អភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណធម៌ ការបណ្តុះបណ្តាលត្រូវបានអនុវត្តជាប្រចាំក្នុងការពង្រឹងសមត្ថភាពមន្ត្រីរាជការគ្រប់ថ្នាក់។ រដ្ឋបាលខេត្ត ក៏បានគាំទ្រដល់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈនានា ដើម្បីឱ្យប្រជាពលរដ្ឋឆាប់ទទួលបានចំណេះធ្វើ សមស្របនឹង តម្រូវការទីផ្សារការងារ។

ជាមួយគ្នានេះផងដែរ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់គាំទ្រយ៉ាងខ្លាំង ដល់វិស័យអប់រំ យុវជន និងកីឡា ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់វិទ្យាល័យ ដែលបានធ្វើ ឱ្យអត្រាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានការកើនឡើងជារៀងរាល់ឆ្នាំ៕